(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារ ជាមួយលោក Björn Häggmark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសស៊ុយអែត ប្រចាំកម្ពុជា នាឱកាសដែលលោកឯកអគ្គរាជទូតទើបចូលកាន់ដំណែង ។

នៅក្នុងជំនួបពិភាក្សានោះ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក Björn Häggmark ដែលត្រូវបានរដ្ឋាភិបាលស៊ុយអែត តែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនកម្ពុជា ចាប់តាំងពីកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ច ចំពោះការរួមវិភាគទានដ៏ថ្លៃថ្លាក្នុងគ្រាដ៏លំបាកនោះ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលស៊ុយអែត បាន និងបន្តផ្តល់ហិរញ្ញប្បទាន ឥតសំណងសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដោយភាគច្រើនផ្តល់ហិរញ្ញប្បទានតាមរយៈអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរកម្ពុជា និងស៊ុយអែត ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ប្រទេសទាំងពីរ ។

នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូតស៊ុយអែត Björn Häggmark បានថ្លែងសរសើរដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រមូលចំណូលចូលថវិការដ្ឋបានច្រើន ហើយមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រទេសកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ។ ទន្ទឹមនេះ, ការចំណាយថវិកាជាតិលើវិស័យសង្គមកិច្ច រួមមាន៖ ចំណាយលើវិស័យអប់រំ និងវិស័យសុខាភិបាល ក៏មានការកើនឡើងខ្លាំងផងដែរ។ នេះគឺជាសញ្ញាវិជ្ជមានមួយ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយវាបានឆ្លុះបញ្ចាំងពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអភិបាលកិច្ច ។

 ឯកអគ្គរាជទូតស៊ុយអែតបានលើកឡើងថា បច្ចុប្បន្នទំហំវិនិយោគ ដោយវិនិយោគិនស៊ុយអែតនៅកម្ពុជា នៅមានបរិមាណតិចតួចនៅឡើយ ។ ប៉ុន្តែប្រទេសទាំងពីរមានសក្តានុពលក្នុង ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការបង្កើនកិច្ចសន្ទនារវាង ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់គាំទ្រដល់កម្មវិធីកែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើកំណែទម្រង់សារពើពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ។ ប្រទេសស៊ុយអែតក៏បានរួមចំណែកយ៉ាងសំខាន់ផងដែរ ដល់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់វិស័យអប់រំ នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា, គម្រោងសិក្សាស្រាវជ្រាវ នៅកម្រិតឧត្តមសិក្សា, និងការបណ្តុះបណ្តាលបច្ចេកទេស ដូចជា ការអភិវឌ្ឍជំនាញ និងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ ជាដើម។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបឯកអគ្គរាជទូត ស៊ុយអែតផងដែរថា រាជរដ្ឋាភិបាលកម្ពុជា យកការធ្វើកំណែទម្រង់ជាមូលដ្ឋានគ្រឹះ និងជាបរិស្ថានក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព ធានាបាននូវសមធម៌សង្គម។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញផងដែរនូវវិធានការកែទម្រង់ជាកញ្ចប់ ដើម្បីកែលម្អបរិស្ថានធុរកិច្ច និងទាក់ទាញការវិនិយោគ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាមានសេចក្តីសោមនស្ស រីករាយ ក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស៊ុយអែត ទាំងលើផ្នែកហិរញ្ញប្បទានសម្រាប់ ការអភិវឌ្ឍទាំងលើទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។

ឆ្លៀតក្នុងឱកាសនោះដែរ, ជាថ្មីម្តងទៀត អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបាននិងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយបានរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និង បានជូនពរសូមឲ្យលោក Björn Häggmark បំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ៕