(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជា មិនមានការបិទជើងហោះហើរជាមួយចិននោះទេ ដោយសម្ដេចបានហៅការបិទជើងហោះហើរនេះ ជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងផ្ដាច់ទំនាក់ទំនាក់ជាមួយមហាមិត្តចិន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងទៀតថា កម្ពុជាត្រូវចូលរួមចំណែកជាមួយចិន ដោយមិនបិទជើងហោះហើរ មិនជន្លៀសប្រជាជនកម្ពុជាពីចិន មិនបិទការនាំចូលទំនិញពីចិន ការជួយព្យាបាលប្រជាជនចិនឲ្យជាសះស្បើយ គឺជាសមានចិត្តដែលយើងមានជាមួយប្រជាជនចិន។ សម្ដេចថា កម្ពុជាមិនចាំបាច់ប្រកាសបិទជើងហោះហើរនោះទេ ពោលចិនបានបិទខ្លួន ឯងរួចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេបិទពីប្រទេសគេរួចស្រេចទៅហើយ មិនត្រឹមតែបិទជើងហោះហើរពីវូហាន មកកាន់កម្ពុជា ឬទៅកាន់បរទេសប្រទេសដ៏ទៃទេ គេបិទទាំងនៅក្នុងមិនឲ្យមានការហោះហើរ ពីទីក្រុងវូហាន ទៅកាន់ប៉េកាំង ឬទីក្រុងដ៏ទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដេក បិទទាំងផ្លូវគោក ដើម្បីទុកឲ្យមានការដោះស្រាយនៅក្នុងក្របខ័ណ្ឌមួយក្នុងកម្រិតតូចជាង កុំឲ្យវារីករាដាល»

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនជាផ្លូវការអំពីការសម្រេច មិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជា ដោយមូលហេតុថា៖

*ទី១៖ ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន
*ទី២៖ ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរ ទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា
*ទី៣៖ មានសិស្ស និងនិស្សិតខ្មែរជាច្រើន ដែលទទួលបានអាហារូបករណ៍កំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន
*ទី៤៖ មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជា ដែលកំពុងបម្រើការទីផ្សារ
*ទី៥៖ ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនកំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្ត ក្នុងគ្រាមានអាសន្ន រីឯកម្ពស់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀត នឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

គួរជម្រាបថា បន្ទាប់ពីផ្ទុះជំងឺរលាកផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាថ្មី ហើយមានការរីករាដាលទៅតាមបណ្ដាប្រទេសផ្សេងៗ រួមទាំងកម្ពុជាមួយករណី ទៅលើជនជាតិចិននោះ មានមតិមហាជននៅតាមបណ្ដាញសង្គម បានលើកឡើងដោយស្នើរដ្ឋាភិបាល ផ្អាកការហោះហើរជាបណ្ដោះអាសន្ន ពីទីក្រុងវូហាន និយាយដោយឡែក និងនិយាយជាមួយពីប្រទេសចិនចូលមកកម្ពុជា ព្រោះខ្លាចឆ្លងជំងឺនេះ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញមានករណីកើតជំងឺផ្លូវដង្ហើម «កូរ៉ូណា» ថ្មីនោះឡើយ។ ដោយឡែក បុរសជនជាតិចិនម្នាក់ ដែលរកឃើញកើតមានជំងឺផ្លូវដង្ហើមនេះ កំពុងមានស្ថានភាពសុខភាពល្អប្រសើរផងដែរ មិនមានការវិវឌ្ឍន៍ទៅរកសភាពធ្ងន់ធ្ងរនោះទេ៕