(កំពង់ធំ)៖ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការបង្កើត «ម៉ាកសមូហភាពអំបុកឃុំសានគរ» ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរៀបចំឡើងក្រោមអធិបតីលោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្មថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញ ចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកបុកអំបុកមកពីភូមិក្នុងឃុំសានគរជិត ១០០នាក់ រៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។

លោក អប់ រ៉ាឌី បានលើកឡើងថា នៅក្រោមច្បាប់កម្មសិទ្ធិបញ្ញា នៃប្រទេសភាគច្រើនមានបទប្បញ្ញត្តិស្តីពី កិច្ចការពារម៉ាកសមូហភាព។

«ម៉ាកសមូហភាព» ជាទូទៅត្រូវបានកំណត់ថា ជាសញ្ញាសម្រាប់សម្គាល់ប្រភពដើមភូមិសាស្ត្រវត្ថុធាតុដើម របៀប ផលិត ឬចរិតលក្ខណៈទូទៅផ្សេងទៀតនៃទំនិញ ឬសេវាកម្មរបស់សហគ្រាសផ្សេងៗ ដែលប្រើប្រាស់ម៉ាកសមូហភាពនោះ។

លោកបានបន្តថា ម្ចាស់ម៉ាកសមូហភាព អាចជាសមាគមដែលមានសហគ្រាសផ្សេងៗជាសមាជិក ឬអង្គភាពផ្សេងៗទៀត រួមទាំងស្ថាប័នសាធារណៈ ឬសហករណ៍ ហើយម្ចាស់ម៉ាកសមូហភាព ដែលបានចុះបញ្ជី គឺជាអ្នកទទួលខុសត្រូវក្នុងការធានាឲ្យមានអនុលោមភាពតាមបទដ្ឋានជាក់លាក់ណាមួយ (ជាធម្មតាត្រូវបានកំណត់នៅក្នុងបទបញ្ជាគ្រប់គ្រងការប្រើប្រាស់ម៉ាករួម) ដោយសមាជិករបស់ខ្លួន។ ដូច្នេះមុខងារ នៃម៉ាកសមូហភាព គឺដើម្បីជូនដំណឹងដល់សាធារណជន អំពីចរិតលក្ខណៈពិសេសនៃផលិតផលដែលពាក់ម៉ាកសមូហភាពនោះ។

លោកបានបន្តទៀតថា ម៉ាកសមូហភាពជាញឹកញាប់ ត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយផលិតផលដែលមានចរិតលក្ខណៈពិសេស ដែលផ្តល់ឱ្យដោយតំបន់ណាមួយ។ ក្នុងករណីបែបនេះ ការបង្កើតម៉ាកសមូហភាព មិនត្រឹមតែជួយធ្វើទីផ្សារផលិតផលក្នុងស្រុក និងក្រៅស្រុកប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងផលិតករក្នុងស្រុកផងដែរ។

ជាការពិតការបង្កើតម៉ាកសមូហភាព ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍស្តង់ដារលក្ខណៈវិនិច្ឆ័យ និងយុទ្ធសាស្ត្ររួមមួយ។ លោកបានបញ្ជាក់ថា ម៉ាកសូហភាព អាចក្លាយជាឧបករណ៍ ដ៏មានឥទ្ធិពលសម្រាប់ ការអភិវឌ្ឍមូលដ្ឋានដោយការធ្វើការរួមគ្នា អាចធ្វើឱ្យផលិតករ-អាជីវករ និងសហគ្រាសធុនតូច និងមធ្យម ទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ច និងការទទួលស្គាល់ម៉ាក យីហោកាន់តែទូលំទូលាយដោយផ្លាស់ប្តូរពីការផលិតទៅរកការធ្វើទីផ្សារ ក្នុងលក្ខណៈដូចក្រុមហ៊ុនខ្នាតធំផ្សេងៗ។

ម៉ាកសមូហភាព គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជី ហើយអាចសម្គាល់នូវប្រភពដើមនៃទំនិញ ឬសេវា ឬសម្គាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវារបស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។

គួរបញ្ជាក់ថា អ្នកលក់អំបុកនៅក្នុងឃុំសានគរ មានប្រាំភូមិដែលមានចំនួន ៩៨គ្រួសារ ក្នុងនោះភូមិសានគរខ ចំនួន៤០គ្រួសារ, ភូមិក្បិលមាន ចំនួន១៨ គ្រួសារ, ភូមិសំពៅមាសមានចំនួន ៧ គ្រួសារភូមិក្រសាំងក ចំនួន ១៣គ្រួសារ និងភូមិក្រសាំងខ ចំនួន ២០គ្រួសារ៕