(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បច្ចុប្បន្នទាំងអង្គការសុខភាពពិភពលោក (WHO) និងប្រទេសនានាជុំវិញពិភពលោក មិនទាន់រកឃើញថ្នាំសម្រាប់ព្យាបាលជំងឺរលាកសួត ដែលបង្កដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មីនៅឡើយទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ទោះបីបច្ចុប្បន្ន គេគ្មានថ្នាំសម្រាប់ព្យាបាលជំងឺ ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណា ប៉ុន្តែគេមានតែវិធីការពារ និងទប់ស្កាត់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ដល់ម៉ោងនេះអង្គការសុខភាពពិភពលោក និងសាកលលោកទាំងមូលអត់ទាន់រកឃើញថា វាជាជំងឺអ្វី ហើយផ្តើមចេញពីអ្វីទេ។ ក៏ប៉ុន្តែសូម្បីតែនៅប្រទេសចិន សូម្បីតែនៅអាមេរិក សូម្បីតែអង្គការសុខភាពពិភពលោក អត់ទាន់ដឹងថាអាហ្នឹងវាជាអ្វីទេ ហើយក៏មិនទាន់មានការផលិតវ៉ាក់សាំងណាឲ្យវាត្រូវដែរ។ ប្រទេសនៅលើលោកនេះ គឺអត់ទាន់មានប្រទេសណា ដែលអះអាងថាមានវ៉ាក់សាំង ដើម្បីសម្លាប់អាមេរោគហ្នឹងភ្លាមៗទេ ដូច្នេះវិធីរបស់យើង នៅក្នុងទីនេះគឺមានវិធី២ ដែលបានអនុវត្តន៍រួចហើយ។
«វិធីទី១ គឺវិធីការពារកុំឲ្យវាឆ្លង ដែលថាការពារប្រសើរជាងព្យាបាល។ វិធីទី២ នៅពេលរកឃើញ ត្រូវយកគាត់ទៅទុកដោយឡែក ថែបំប៉នគាត់នៅទីនោះ ព្រោះមិនថាយកថ្នាំអ្វីចាក់ឲ្យគាត់»។ សម្តេចគូសបញ្ជាក់។
កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើរហូតមកដល់ពេលនេះ មានមនុស្សណាម្នាក់ នៅក្នុងប្រទេសកម្ពុជា បានស្លាប់ដោយជំងឺរលាកផ្លូវដង្ហើមថ្មីនៅក្នុងទឹកដីកម្ពុជាហើយឬនៅ? ចុះម្តេចហេតុអ្វីបានមានពលរដ្ឋខ្មែរមួយចំនួនមានសម្ពាធផ្លូវអារម្មណ៍ខ្លាំងម្ល៉េះ? ដូច្នេះជំងឺពិតប្រាកដគឺជាជំងឺភ័យខ្លាចហួសហេតុដែលហួសពីការពិត បន្ថែមដោយការបំពុលព័ត៌មានដែលខ្វះការទទួលខុសត្រូវ ដែលជាប្រភេទនៃការបំពុលសង្គម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំងឺបែបនេះមិនមែនជាជំងឺថ្មីនៅក្នុងតំបន់ និងពិភពលោកទេ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ប្រជាពលរដ្ឋកុំឱ្យធ្លាក់ ក្នុងសង្រ្គាមចិត្តសាស្រ្ត ដែលនាំរហូតដល់បាត់បង់ជំនឿចិត្តលើខ្លួនឯង និងប្រទេសខ្លួនឯង ក្នុងការការពារខ្លួននោះទេ។ វិធានការល្អបំផុតគឺ ការពារប្រសើរជាងព្យាបាល នោះជាវិធីសាស្រ្តល្អបំផុត៕