(ស្វាយរៀង)៖ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការអនុវត្តថវិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាស្នូលនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វាជាឧបករណ៍សម្រាប់ផ្សារភ្ជាប់គម្រោងថវិការរដ្ឋ ទៅនឹងគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គឺផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រង និងប្រើប្រាស់ធនធានសាធារណៈ តាមរយៈការបង្កើនការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ស្ថាប័នថ្នាក់ក្រោមជាតិ ដែលត្រូវតែអនុវត្តឲ្យខានតែបាននូវលទ្ធផល ឬសមិទ្ធកម្មដែលត្រូវសំរេចឲ្យបានថែមទៀតផង។

ការថ្លែងលើកឡើងរបស់លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៩សហវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ស្តីពី ការអនុវត្តច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ពិធីនេះមានការចូលរួមពីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក លោកស្រីជាអភិបាលក្រុងស្រុក និងស្មៀនឃុំសង្កាត់ទូទាំងខេត្តផងដែរ។

លោក សុខ រស់ បានបន្តថា ការផ្សព្វផ្សាយសារាចរណែនាំនៅពេលនេះ គឺស្ថិតក្នុងដំណាក់កាលមួយដ៏មានសារៈសំខាន់បំផុតសម្រាប់បញ្ជ្រាបជំរុញ និងពង្រីកការអនុវត្តសកម្មកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបោះទីតាំងនៅមូលដ្ឋាន និងជាខ្សែបណ្តោយថ្នាក់ជាតិ។

លោក សុខ រស់ បានស្នើរដល់បណ្តាស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជា អស់លោក លោកស្រីដែលមានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តការងារត្រូវតែលើកម្ពស់សមត្ថភាព ការយល់ដឹង ការស្វែងយល់ឲ្យបានស៊ីជម្រៅនូវនីតិវិធីនិងវិធានទាំងឡាយ ដែលបានចែងក្នុងសារាចរណែនាំនេះ ដើម្បីលើកម្ពស់ការងារកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាគោលនយោបាយសំខាន់នៅក្នុងគោលនយោបាយកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល សំដៅប្រែក្លាយជាសមិទ្ធផលសម្រេចជោគជ័យជានិរន្ត និងចិរភាពសំរាប់យើងទាំងអស់គ្នា ប្រជាពលរដ្ឋទូទាំងប្រទេសនិងសង្គមជាតិទាំងមូល។

លោក សុខ រស់ សង្ឃឹមថា ការផ្សព្វផ្សាយសារាចរនេះ និងផ្តល់ឱកាសនិងពេលវេលាគ្រប់គ្រាន់សំរាប់ឈ្វេងយល់ និងទទួលនូវពុទ្ធិបន្ថែមលើសារាចរណែនាំនេះ។ ជាពិសេសយើងនឹងទទួល បាននូវការអនុវត្តថវិកាចំណូល ចំណាយថវិកាឆ្នាំ២០២០ កាន់តែសុក្រិត្យគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រាកដនិយម ផ្សារភ្ជាប់ទៅនឹងគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានលទ្ធផលជោគជ័យតាមការរំពឹងទុក៕