(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះក្រសួងសុខាភិបាល ជាពិសេសរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដែលមានភាពជាម្ចាស់ការ លើយន្ដការប្រតិកម្មរហ័ស ឆ្លើយតបនឹងជំងឺរលាកសួតប្រភេទកូរ៉ូណា វីរុស ដែលកើតមាននៅប្រទេសចិន ដោយបានរៀបចំចាត់វិធានការភ្លាមៗទោះបីជាជំងឺផ្លូវដង្ហើមមួយនេះ មិនទាន់មានវត្ដមាននៅកម្ពុជាក៏ដោយ ។
ជាពិសេស ក្រសួងសុខាភិបាល បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ។
ទន្ទឹមនឹងនោះនាយករដ្ឋមន្រ្ដីកម្ពុជា ក៏បានថ្លែងកោតសរសើរដល់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានធ្វើកិច្ចការយ៉ាងសកម្មក្នុងការផ្ដល់ជូននូវព័ត៌មានភ្លាមៗទៅដល់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោថ្លែងដូច្នេះថា «សូមកោតសរសើរចំពោះក្រសួងសុខាភិបាល ជាពិសេស រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដែលមានភាពម្ចាស់ការលើយន្ដការប្រតិកម្មរហ័ស ឆ្លើយតបនឹងជំងឺរលាកសួត ប្រភេទ កូរ៉ូណា វីរុស និងកោតសរសើរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា»។
សូមជម្រាបថា បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានទទួលដំណឹងពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ពីករណីជំងឺរលាកសួតប្រភេទ កូរ៉ូណាវីរុសភ្លាមៗកាលពីដើមខែមករា រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចេញសេចក្ដីប្រកាសព័ត៌មានភ្លាមៗជូនទៅដល់ប្រជាពលរដ្ឋ ដោយភ្ជាប់ជាមួយនឹងវិធានការការពារ និងរោគសញ្ញាសម្គាល់ ជាពិសេសបាន ចាត់វិធានការដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ។
លើសពីនោះ បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។ ក្នុងនោះ ក៏មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ។
ជាបន្ដបន្ទាប់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះទៅតាមអាកាសយាន្ដដ្ឋានអន្ដរជាតិនីមួយៗ ដើម្បីពិនិត្យមើលពីស្ថានភាពការងាររបស់មន្ដ្រីរបស់ខ្លួន ជាពិសេស លោកបានចុះអប់រំផ្សព្វផ្សាយ ចែកលិខិត និងបិទសេចក្ដីប្រកាសព័ត៌មាន ពីវិធានការពារពីវិរុស កូរ៉ូណានេះ នៅតាមចំណតរថយន្ដក្រុង និងពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវផងដែរ៕