(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ស្នើឱ្យស្ថាប័នព័ត៌មាន ដែលមានវិជ្ជាជីវៈទាំងអស់ ធ្វើការវាយប្រហារលើស្ថាប័នព័ត៌មាន ឬបុគ្គលណាដែលបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ហើយសម្ដេចនឹងចេញលិខិតសរសើរ នៅពេលជួបប្រជុំជាមួយអ្នកសារព័ត៌មាននាឆ្នាំក្រោយ។
ការមានប្រសាសន៍បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមដោយវីរូស «កូរ៉ូណា» ចេញពីវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ ហើយដូចដែលខ្ញុំបានលើកឡើង អម្បាញមិញ ខ្ញុំសុំកោតសសើរជាថ្មីម្តងទៀត ចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈមានការទទួលខុសត្រូវ អ្នកលេង Facebook ដែលមានការទទួលខុសត្រូវបណ្តាញសង្គម ដែលមានការទទួលខុសត្រូវជួយផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ និងបំពុលសង្គម បំពុលសង្គម»។
ការស្នើសុំបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីថ្មីនេះមានអង្គភាពព័ត៌មាន និងអ្នកលេងបណ្តាញសង្គមនានា បានផ្សព្វផ្សាយ និងបង្ហោះសារព័ត៌មានក្លែងក្លាយអំពីករណីឆ្លងវីរុស កូរ៉ូណា នៅតាមបណ្តាលខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាចំពោះព័ត៌មាន និងដំណឹងក្លែងក្លាយទាំងនេះពីសំណាក់បណ្តាញព័ត៌មាន និងអ្នកលេងបណ្តាញសង្គមទាំង មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ បានឆ្លងវីរុស កូរ៉ូណានេះ ក្រៅពីជនជនជាតិចិន១នាក់ មកពីទីក្រុង វូហាន ដែលធ្វើដំណើរចូលមក ដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានមន្ត្រីសុខាភិបាល បានយកចិត្តទុកដាក់ថែទាំអ្នកផ្ទុកវីរុសនេះយ៉ាងយកចិត្តទុកដាក់ ដោយដាក់ឱ្យនៅដាច់ដោយឡែកពីគេផងដែរ។
សម្តេចតេជោ ក៏បានស្តីបន្ទោសចំៗ ទៅដល់អ្នកសារព័ត៌មានដែលគ្មានជំនាញវិជ្ជាជីវៈ និងអ្នកលេង Facebook មួយចំនួន ដែលបានផ្សព្វផ្សាយអំពីជំងឺផ្លូវដង្ហើមថ្មី ដោយមិនមានប្រភពច្បាស់លាស់ បណ្តាលឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។ សម្តេចបានបង្គាប់ដល់ក្រសួងព័ត៌មាន ឱ្យត្រួតពិនិត្យមើលវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងមានវិធានការចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ខណៈដែលប្រទេសម៉ាឡេស៊ី មានការចាប់ខ្លួនចំពោះអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ព្រមទាំងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ។
ពាក់ព័ន្ធនឹងផ្ញើសារ និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានេះ កម្ពុជាក៏បានហៅមនុស្សមួយចំនួនមកណែនាំផងដែរ ក្នុងនោះមាននៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់ផងដែរ។ បន្ទាប់ពីធ្វើកិច្ចសន្យាពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ប្រភពព័ត៌មាន ដែលយកជាការណ៍បានចំពោះព័ត៌មាន ពាក់ព័ន្ធនឹងវីរុស កូរ៉ូណា គឺក្រសួងសុខាភិបាល ជានាំមុខក្នុងការផ្តល់ព័ត៌មាន ហើយក្រសួអព័ត៌មាន ជាអ្នកទទួលបន្ទុក តាមរយៈច្បាប់ស្តីពីការបង្កើតក្រសួង បានផ្តល់អំណាចដល់ក្រសួង ដើម្បីធ្វើកិច្ចការផ្តល់ព័ត៌មានជាក់លាក់ជូនបណ្តាញព័ត៌មាននានា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់ព័ត៌មានដែលច្បាស់ការណ៍ គឺជាព័ត៌មានយកពីក្រសួងសុខាភិបាល បើអង្គភាពព័ត៌មាន ឬបណ្តាញផ្សព្វផ្សាយផ្សេងៗយកព័ត៌មានអ្នកផ្សេង គឺមានន័យថា ខុសដូច្នេះនៅត្រង់ចំណុចនេះ សូមអង្គភាពព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនជាដើម។
គួរជម្រាបថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះ នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង ៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕