(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញនូវការបារម្ភ ចំពោះការថមថយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារឥទ្ធិពលនៃជំងឺរលាកសួត បង្កដោយវីរុសកូរ៉ណា។

ការបារម្ភដោយសារតែជំងឺនេះ បាននិងកំពុងគំរាមកំហែងដល់វិស័យទេសចរណ៍កម្ពុជា ដែលបានរួមចំណែករហូតដល់១៣ភារគយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានថ្លែងថា តាមការព្យាការណ៍របស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២០នេះ សេដ្ឋកិច្ចរបស់កម្ពុជារំពឹងថា មានកំណើនប្រមាណ៦.៥ភាគរយ ប៉ុន្តែដោយសារតែការផ្ទុះឡើងនៃជំងឺរលាកសួត នៅប្រទេសចិន អាចនឹងជះឥទ្ធិពលដល់ប្រទេសកម្ពុជា ពិសេសវិស័យទេសចរណ៍ ធ្វើឲ្យសេដ្ឋកិច្ចអាចនឹងថមថយមកនៅត្រឹម៦ភាគរយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយបញ្ចប់វេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាតិ និងថវិកាឆ្នាំ ២០២០ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា «យើងដឹងគ្រប់គ្នាហើយកាលណាមានជំងឺ [ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណា] ទេសចរនឹងធ្លាក់ យើងចាំថាជំងឺសារកាលពីឆ្នាំ២០០២-២០០៣ បានប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ ទូទាំងពិភពលោក ហើយឥឡូវនេះបញ្ហារបស់យើងត្រង់ថា ជំងឺនេះវាប៉ះចិនមុនគេ ដែលរងគ្រោះធំ ហើយភ្ញៀវរបស់យើង គឺភ្ញៀវចិនមកស្រុកយើងច្រើន»

ក្រៅពីនេះមានឥទ្ធិពលហានិភ័យផ្សេងៗទៀតផងដែរ ដែលមានឥទ្ធិពលចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក, ការមិនច្បាស់លាស់នៃស្ថានភាពក្នុងតំបន់មជ្ឈឹមបូព៌ា ជម្លោះពាណិជ្ជកម្មរវាងចិន-អាមេរិក និងការប្រែប្រួលអាកាសធាតុជាដើម។

មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការថមថយនៃកំណើនសេដ្ឋកិច្ចនេះ មិនមែនប៉ះតែកម្ពុជាឡើយ ប្រទេសក្នុងតំបន់ ដូចជាថៃ សិង្ហបុរី ជាដើមក៏ប៉ះពាល់ដូចគ្នា។

សូមជម្រាបថា ចិនជាប្រទេសទី១ ដែលមានភ្ញៀវទេសចរមកកម្ពុជាច្រើនជាងគេ។ នៅ១០ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរចិន បានចូលមកកំសាន្តនៅកម្ពុជា ប្រមាណ២លាន២ម៉ឺននាក់៕