(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលចង់បានភ្លើងបំភ្លឺផ្លូវ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ឥឡូវនេះត្រូវបានអាជ្ញាធរខណ្ឌផ្តល់ជូនហើយ ធ្វើឲ្យប្រជាពលរដ្ឋចំនួន ៤ភូមិ រួមមាន៖ ភូមិក្តីតាកុយ ភូមិវាលស្បូវ សង្កាត់វាលស្បូវ និងភូមិជ្រោយបាសាក់ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ សប្បាយចិត្តយ៉ាងខ្លាំង។

និយាយរួមក្រោមដំបូលសន្តិភាព និងអរគុណសន្តិភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន សមិទ្ធិផលថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដូចជា ផ្លូវបេតុងជាច្រើនខ្សែ ប្រព័ន្ធលូរំដោះទឹក អគារទីស្នាក់ការភូមិ ការពង្រឹងការងារសន្តិសុខសង្គមដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប់មិនឲ្យកើតមានបទល្មើស និងការងារចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជាដើម។

ឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផ្លូវបេតុងជិត ១០ខ្សែ បានស្ថាបនារួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់រួមជាមួយប្រព័ន្ធលូរំដោះទឹក។

ជាមួយគ្នានេះ ភ្លើងបំភ្លឺងអមសង្ខាងផ្លូវ ក៏ដាក់ឲ្យដំណើរការផងដែរ នៅមានសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

បន្ទាប់ពីទទួលបានសមិទ្ធិផលថ្មីៗដូចជា ផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក ភ្លើងបំភ្លឺអមសង្ខាងផ្លូវ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ប្រជាពលរដ្ឋបានអបអរសាទរសប្បាយរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលខិតខំជំរុញការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើន។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសមិទ្ធិផលថ្មីៗ ដែលបានកើតឡើងទុកប្រើប្រាស់រយៈពេលយូរ ជាពិសេសអរគុណសន្តិភាព រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាសំខាន់បំផុត ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជា ជំរុញការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ និងសង្កាត់ឲ្យមានការរីកចម្រើនថែមទៀត៕