(ភ្នំពេញ)៖ រដ្ឋាភិបាលចិនដែលជាមិត្តដែកថែបរបស់កម្ពុជា កំពុងប្រឈមការលំបាកជាខ្លាំងជាមួយជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា»។ មកដល់ពេលនេះ ពលរដ្ឋចិនជិត ៨ពាន់នាក់ បានកើតជំងឺផ្លូវដង្ហើមថ្មីនេះ ខណៈ ១៧០នាក់ស្លាប់។ នៅចំពោះមុខនៃការលំបាកនេះ ចិន បាននឹងកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងចំពោះបញ្ហានេះ។ មានប្រទេសជាមិត្តចិនមួយចំនួន ក៏បានបង្ហាញសមានចិត្តចូលរួមដោះស្រាយការលំបាករបស់ចិនផងដែរ។

សម្រាប់កម្ពុជាវិញ តើមានត្រៀមលក្ខណៈសម្បត្តិចូលរួមជួយដោះស្រាយការលំបាករបស់ចិននេះដែរឬទេ? ឆ្លើយតបសំណួរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសេចក្តីថ្លែងសារពីបញ្ហាជំងឺផ្លូវដង្ហើមកូរ៉ូណានាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានថ្លែងថា កម្ពុជានឹងពិនិត្យមើលថា តើអាចធ្វើអ្វីបានខ្លះ ដើម្បីជួយដល់បញ្ហារបស់ចិន។

ទន្ទឹមនឹងការពិនិត្យលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហារបស់ចិននេះ ការដែលមិនបិទជើងហោះហើរជាមួយចិន ការមិនបិទការដឹកជញ្ជូនផ្លូវទឹកជាមួយចិន ការគ្រប់គ្រងពលរដ្ឋចិននៅកម្ពុជា កុំឱ្យរងការវាយប្រហារដោយជំងឺផ្លូវដង្ហើម គឺជាការចូលរួមចំណែកជួយដល់ការលំបាករបស់ចិនផងដែរ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមពីលើនេះការជួយព្យាបាលពលរដ្ឋចិនកំពុងមានជំងឺផ្លូវដង្ហើមនៅកម្ពុជា ការមិនរើសអើងចំពោះជនជាតិចិន ក៏ដូចជាការមិនជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីចិន ក៏ជាការជួយដោះស្រាយការលំបាករបស់ចិននាពេលនេះផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ជាក់ស្តែងយើងជួយព្យាបាលប្រជាជនចិន ដែលកំពុងនៅស្រុកយើងឱ្យជាសះស្បើយ ក៏ជាផ្នែកមួយចូលរួមចំណែកទៅដល់ប្រជាជនផងដែរ។ យើងខិតខំការពារប្រជាជនចិន ដែលកំពុងនៅស្រុកយើងកុំឱ្យឆ្លងរាលដាល ក៏ជាផ្នែកមួយនៃការចូលរួមរបស់យើង»

សម្តេចតេជោ បន្ថែមថា «ខ្ញុំគិតថា ចិនមិនត្រូវការលុយយើងទេ ដើម្បីទៅជួយដល់ស្រុកចិនទេ យើងគ្រាន់តែធ្វើម៉េចសហការជាមួយស្ថានទូតចិននៅកម្ពុជា ធ្វើឱ្យបានល្អនូវអ្នកវិនិយោគចិន តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន និងពលរដ្ឋចិន ទេសចរចិន ដែលកំពុងធ្វើការ ដែលមកលេងនៅស្រុកខ្មែរឱ្យបានល្អទៅ ខ្ញុំគិតថា ជាការរួមចំណែកហើយ កុំរើសអើងប្រជាជន»

រដ្ឋាភិបាលចិន បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីដោះស្រាយការវាយប្រហារដោយជំងឺផ្លូវដង្ហើមកូរ៉ូណានេះ។ ក្នុងនោះ គណៈរដ្ឋមន្ត្រីចិន ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង បានបើកកិច្ចប្រជុំរកដំណោះស្រាយរួមគ្នា ហើយ លោក លី ខឺឈាង បានចុះទៅដល់តំបន់វាយប្រហារដោយជំងឺនេះថែមទៀតផង ដើម្បីដាក់ចេញវិធានការក្នុងការដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលចិន៕