(ព្រះវិហារ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្នុងបរិវេណវត្តសំពៅកែវ ហៅវត្តពើក ភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ដើម្បីជួបជាមួយប្រជាពលរដ្ឋ និងស្តាប់នូវបញ្ហាប្រឈម សំណូមពរ និងបញ្ហានានារបស់ប្រជាពលរដ្ឋ។

ពិធីនេះស្ថិតក្រោមអធិបតីលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះលោក មាស សុភា បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបេសកកម្ម តាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាព តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។

បន្ថែមពីនេះទៅទៀតលោកទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមជាមតិយោបល់ និងលើកឡើងបញ្ហាប្រឈមសំណូមពរ ដែលជាក្ដីកង្វល់ និងតម្រូវការចាំបាច់ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានា ក៏ដូចជា ស្វែងរកដំណោះស្រាយទាំងអស់គ្នា។

ក្នុងឱកាសដ៏មានសារសំខាន់ជូនបងប្អូន ប្រជាពលរដ្ឋបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីឲ្យការអនុវត្តន៍គោល នយោបាយក្នុងការ អភិវឌ្ឍភូមិ-ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ និងកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធភាពខ្ពស់។

សំណូមពរ និងក្ដីកង្វល់ព្រមទាំងតម្រូវការនាពេលនោះរបស់ប្រជាពលរដ្ឋមួយចំនួន មកពីភូមិចំនួន៣ គឺភូមិពុទ្រា ភូមិពើក និងភូមិបរ ស្ថិតក្នុងឃុំពុទ្រា ស្រុកជ័យសែន បានលើកឡើងអំពី សំណូមពរមួយចំនួន ដែលទាក់ទងទៅនឹងផលប៉ះពាល់ដីស្រែ និងកសិកម្ម ស្ដីពីការកសាងទំនប់នៅឃុំរក្សា ស្នើសុំឲ្យអាជ្ញាធរជួយជាបច្ច័យក្នុងការករសាងវត្ត និងស្ពានឆ្លងអូររំដួលនៅក្នុងភូមិបរ និងបញ្ហាផ្លូវមួយចំនួនទៀតនៅក្នុងឃុំពុទ្រា, បញ្ហាភ្លើងអគ្គិសនីប្រើប្រាស់ពុំគ្រប់គ្រាន់, ស្នើសុំបង្កើតឃុំថ្មី បញ្ហាឈើសម្រាប់ធ្វើលំនៅដ្ឋាន សាលារៀន និងសុំឯកសណ្ឋានសម្រាប់ប្រជាការពារផងដែរ។

ឆ្លើយតបនិងសំណូមពររបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានដោះស្រាយជូនភ្លាមៗ និងបញ្ហាមួយចំនួនទៀតគឺត្រូវ ដោះស្រាយនៅពេលក្រោយផងដែរ៕