(កណ្ដាល)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះគោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។
ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។
ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឲ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឲ្យបានល្អ។
សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ ឪពុកឈ្មោះ ខេង សុផល អាយុ៣៦ឆ្នាំ និងម្ដាយ ឈ្មោះ ទឹម សាអែម អាយុ៣៨ឆ្នាំ មុខរបរលក់លៀសហាល ស្ថានភាពគ្រួសារជីវភាពទីទ័លក្រ ហើយនេះជាកូនលើកទី៥ កូនលើកទី១ប្រុស, លើកទី២ស្រី, លើកទី៣ស្រី, លើកទី៤ប្រុស, លើកទី៥នេះភ្លោះ៣ (ស្រី២ ប្រុស១)។
នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៥៦ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ។ ដោយឡែកខេត្ដកណ្ដាលទាំងមូល មាន៣២គ្រួសារហើយ ដែលប្រសូត្របានកូនភ្លោះ៣នាក់៕