(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញប្រកាសតែងតាំងលោក សុខរតនា ជាអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីរបានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង សម្រេចបានលទ្ធផលការងារយ៉ាងល្អយ៉ាងច្រើន ក្នុងការបំពេញសេវានានាពាក់ព័ន្ធ នឹងវិស័យដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល និងបន្តបំពេញការងារនេះឲ្យកាន់តែល្អទ្វេឡើងបន្ថែមទៀត។

លោក សុខ រតនា ដែលទើបតែងតាំងជាអនុប្រធានមន្ទីរសូរិយោដីខេត្តថ្មី បានប្តេជ្ញាចិត្ត រួមសាមគ្គីផ្ទៃក្នុងឲ្យបានល្អ, មានទំនាក់ទំនងល្អជាមួយមន្ត្រីនិងថ្នាក់ដឹកនាំក្នុងមន្ទីរ, មានសហប្រតិបត្តិការ ការងារល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពជុំវិញខេត្ត, ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមដោយប្រកាន់ខ្ជាប់នូវឥរិយាបទជាមន្ត្រីរាជការទាំង ៤គឺ ឆន្ទៈម្ចាស់ការភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ, ជាពិសេសចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតលើគោលនយោបាយពាក់ព័ន្ធ នឹងវិស័យដីធ្លីធ្វើយ៉ាងណាបំពេញបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសូរិយោដីខេត្ត ដែលបានខិតខំអនុវត្តបំពេញការងារ សម្រេចបានលទ្ធផលជាច្រើន និងផ្ដាំផ្ញើអនុប្រធានមន្ទីរដែលទើបចូលកាន់តំណែងថ្មី ព្រមទាំងមន្ត្រីទាំងអស់នៅក្នុងមន្ទីរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានទំនាក់ទំនងល្អជាមួយបណ្ដាមន្ទីរអង្គភាពអាជ្ញាធរដែនដីជុំវិញខេត្ត និងត្រូវខិតខំបំរើសេវាជូនពលរដ្ឋពាក់ព័ន្ធវិស័យដីធ្លីឲ្យកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។

បន្ថែមលើសពីនេះ លោក ហាក់ សុខមករា បានណែនាំឲ្យអាជ្ញាធរក្រុងស្រុក រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការឲ្យកាន់តែមានភាពស៊ីជម្រៅ ក្នុងការពិនិត្យតាមដាន ស្វែងយល់អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសជម្លោះដីធ្លីកើតមាន ហើយត្រូវរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយឲ្យបានសមស្រប ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានទាន់ពេលវេលាក្នុងគោលដៅទាក់ទាញការជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន៕