(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ ដែលរងគ្រោះដោយសារការជួញដូរ និងការរំលោភបំពាននៅបរទេស ជាង៣ម៉ឺននាក់ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍មកវិញ នៅឆ្នាំ២០១៩ កន្លងទៅនេះ។

នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានអានដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងពិធីសន្និបាតសរុបការងារឆ្នាំ ២០១៩ និងទិសដៅឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងតែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅបរទេស ដោយបានជួយអន្តរាគមន៍សង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ជាពិសេសពលករ-ពលការិនីខ្មែរ ដែលរងគ្រោះដោយការជួញដូរ និងការរំលោភបំពាននៅបរទេស សរុប៣៦,២៦២នាក់ ពីប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូណេស៊ី និងចិនជាដើម»។

បើតាម លោករដ្ឋលេខាធិការ, រយៈពេលកន្លងមកនេះ កម្ពុជាតាមរយៈក្រសួងការបរទេស ថែមទាំងបានជួយដោះស្រាយបញ្ហាពលករ និងផ្តល់សេវាកិច្ចការកុងស៊ុលនានា ទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ពលរដ្ឋខ្មែរនៅបរទេសផងដែរ។

គិតមកដល់ពេលនេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ និងនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដោយឡែកពាក់ព័ន្ធនឹងការបញ្ជូនពលករវិញ បច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅប្រទេសចំនួន៦ រួមមាន ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។ ពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ៕