(ភ្នំពេញ)៖ ក្នុងការជជែកដេញដោល ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក កឹម សុខា នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ជនជាប់ចោទ កឹម សុខា បានដាក់ភស្តុតាងថ្មីមួយចំនួន ដែលក្នុងនោះមានរូបថតដែលលោកបានចាប់ដៃជាមួយប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
ថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ដែលជាដើមបណ្តឹងរដ្ឋប្បវេណី បានចាត់ទុកថា ភស្តុតាងរូបថត ដែលបង្ហាញដោយ លោក កឹម សុខា មិនអាចដោះបន្ទុកលោក កឹម សុខា បានទេ គ្រាដែលការចាប់ដៃនោះ ធ្វើឡើងក្នុងនាមលោកជាសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ។
លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «យើងឃើញការដោះបន្ទុករបស់ជនជាប់ចោទ ដូចជាការដាក់ឯកសាររូបថត ព្រឹកមិញនេះគឺបានបង្ហាញរូបថតច្រើន ដែលចំពោះយើងខ្ញុំពិនិត្យឃើញថា ភស្តុតាងហ្នឹងគ្មានអ្វីអាចដោះបន្ទុករបស់គាត់បានទេ ពីព្រោះគាត់យកដែលគាត់ចាប់ដៃទទួលប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីជប៉ុន ដែលពេលនោះ គាត់មានតួនាទីជាសមាជិកព្រឹទ្ធសភា»។
លោក គី តិច បាននិយាយថា លោក កឹម សុខា អាចមានរូបដែលជាប់ទាក់ទងនឹងការពិភាក្សាជាមួយជនបរទេសផ្សេងទៀត ប៉ុន្តែគាត់មិនបានបង្ហាញនោះទេ។ លោក គី តិច ក៏បានអះអាងដែរថា លោកមានភស្តុតាងដើម្បីត្រៀមដាក់បន្ទុកលើ លោក កឹម សុខា ផ្សេងទៀតដែរ ប៉ុន្តែពេលនេះលោកមិនអាចបញ្ចេញភស្តុតាងទាំងអស់បានទេ ហើយការបញ្ចេញ គឺត្រូវធ្វើឡើងនៅពេលកាលៈទេសៈមកដល់។
សម្រាប់លោក គី តិច, ក្នុងការសួរដេញដោលក្នុងសវនាការនៅព្រឹកមិញនេះ លោកបានកត់សម្គាល់ឃើញថា លោក កឹម សុខា បានព្យាយាមគេចវេស នៅពេលមានសំណួរម្តងៗ ដោយមានកន្លែងខ្លះគាត់ឆ្លើយតប កន្លែងខ្លះគាត់អះអាងថាភ្លេច និងកន្លែងខ្លះទៀតគាត់បដិសេធមិនឆ្លើយ ប៉ុន្តែភាគច្រើនគាត់ឆ្លើយថាភ្លេចតែម្តង។ ត្រង់ចំណុចលោក គី តិច បានអះអាងថា ការឆ្លើយ «ភ្លេចៗ» មិនអាចដោះបន្ទុកបានទេ។
បន្ទាប់ពីផ្អាកសវនាការនៅថ្ងៃនេះ តុលាការក្រុងភ្នំពេញនឹងបន្តជំនុំជម្រះលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា បន្តទៀតនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយបន្តជជែកដេញដោលទៅលើសកម្មភាពរបស់ លោក កឹម សុខា ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
សូមបញ្ជាក់ថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឱ្យជួប អតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញដោយដាក់ លោក កឹម សុខា ឱ្យមានសេរីភាពច្រើនជាងមុន ដោយតុលាការហាមឃាត់សិទ្ធិមួយចំនួនប៉ុណ្ណោះ រួមមានដូចជា៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ៕