(ភ្នំពេញ)៖ ឆ្លើយតបនឹងក្ដីបារម្ភចំពោះវិស័យសំណង់ នៅខេត្តព្រះសីហនុ ក្រោយរាជរដ្ឋាភិបាលសម្រេចបិទល្បែងអនឡាញ ដែលនាំឲ្យសំណង់អគារមួយចំនួនត្រូវបានផ្អាក និងអគាររាប់ម៉ឺនបន្ទប់គ្មានអ្នកជួលស្នាក់នៅនោះ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានពន្យល់អំពីវិធានការមួយចំនួន ក្នុងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសេដ្ឋកិច្ច ក្នុងខេត្ដព្រះសីហនុ។

លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដើម្បីជួយឲ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។

លោកបន្ដថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍។

លោក វង្ស៉ី វិស្សុត បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឲ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាពោលសេដ្ឋកិច្ចមួយដ៏ខ្លាំង, ជាពោលសេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា»

លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។

លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានវិនិយោគនូវទឹកប្រាក់ជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធចម្រុះទឹកស្អាត ដើម្បីធ្វើយ៉ាងណាឲ្យខេត្ដព្រះសីហនុ ក្លាយទៅជាទីក្រុង ដែលគួរឲ្យចង់រស់នៅទាក់ទាញនូវទេសចរណ៍ និងការវិនិយោគលើវិស័យឧស្សាហកម្ម។

លោករដ្ឋលេខាធិការបញ្ជាក់ថា តាមផែនការ Master Plan នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នឹងរួចរាល់ហើយដាក់ឲ្យដំណើរការ នៅក្នុងអណត្តិនេះ។

សូមជម្រាបថា ថ្លែងក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវចំនួន៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទីក្រុងព្រះសីហនុ បន្ទាប់ពីសាងសង់ផ្លូវទាំង៣៤ខ្សែរួចរាល់នោះ នឹងប្រែក្លាយទៅជាទីក្រុងទំនើប ដែលមានសោភ័ណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ទីក្រុងមួយនេះ ហៅថាជាទីក្រុងពហុបំណង ដែលមានស្ទើរតែគ្រប់វិស័យ ការដឹកជញ្ជូនក៏នៅទីនេះ កំពង់ផែទឹកជ្រៅរបស់យើងក៏នៅទីនេះ ឧស្សាហកម្មក៏នៅទីនេះសេវាកម្មក៏នៅទីនេះ ហើយអាចទៅថ្ងៃក្រោយឈានដល់តំបន់មូលដ្ឋាន នៃហិរញ្ញវត្ថុក្នុងតំបន់ ក៏អាចថាបាន ប្រសិនបើយើងអភិវឌ្ឍន៍ឲ្យបានត្រឹមត្រូវ»