(ភ្នំពេញ)៖ ខណៈដែលសុខភាពកាន់តែប្រសើរជាងមុន លោក ចា ជិនហូ (Jia Jianhua) ជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមកូរ៉ូណា នៅខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានណែនាំគ្រូពេទ្យឱ្យយកចិត្តទុកដាក់ព្យាបាលជំងឺគាត់ រហូតបានប្រសើរឡើងមួយកម្រិត។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោក ចា ជិនហូ បានថ្លែងអំណរគុណតាមរយៈវីដេអូ WeChat តបជាមួយនឹងសមាគមចិនមួយក្រុម ដែលហៅវីដេអូសួរសុខទុក្ខរបស់លោក ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ម្សិលមិញ។
បើតាមលោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល , គឺតាមរយៈវីដេអូនោះបង្ហាញថា សុខភាពអ្នកជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី មានសុខភាពល្អប្រសើរ និងសប្បាយរីករាយ។ លោកអះអាងថា៖ «តាមភាសាចិន គាត់បានអរគុណគ្រូពេទ្យខ្មែរយើង ដែរបានយកចិត្តទុកព្យាបាលគាត់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និង អរគុណសម្តេចតេជោ ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់»។
លោក ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ដោយអនុញ្ញាតឱ្យគាត់សម្រាកនៅបន្ទប់ដាច់ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក ជិនហូរ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យខ្មែរ ហើយក៏ត្រូវបានរដ្ឋមន្រ្តីសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះពិនិត្យ និងសួរសុខទុក្ខដោយផ្ទាល់ផងដែរ។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន។
គិតរហូតមកដល់ថ្ងៃទី៣១ ខែមករានេះ ជំងឺផ្លូវដង្ហើមថ្មី ដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន បានរីករាលដល់ប្រទេសចំនួន២៣ នៅលើពិភពលោក ហើយបណ្តាលឱ្យមានមនុស្សស្លាប់២១៣នាក់ និងលើស៩០០០ កំពុងមានមេរោគ៕