(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាក្នុងឋានៈសម្តេចជានាយករដ្ឋមន្រ្តី សម្តេចមិនដែលធ្វើសេចក្តីសម្រេចណាមួយ ដើម្បីតម្រូវចិត្តរបស់ប្រទេសណាមួយឡើយ ហើយសម្តេចតេជោក៏មិនធ្វើអ្វីដែលនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះដែរ។
ការប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ សម្តេចបានអះអាងអំពីគោលនយោបាយការបរទេសថា កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។
សម្តេចគូសបញ្ជាក់ទៀតយ៉ាងដូច្នេះថា៖ «ជាការពិតការធ្វើមិត្តជាមួយគ្រប់គ្នា ងាយនិយាយជាងធ្វើឆ្ងាយណាស់។ ជាពិសេសចំពោះប្រទេសតូចដូចកម្ពុជា ដែលសម្ពាធពីខាងក្រៅតែងបង្ខំឱ្យ យើងជ្រើសរើសមិត្ត ឬក៏ឱ្យយើងធ្វើជាមិត្តជាមួយប្រទេសនេះ និងយកប្រទេស ផ្សេងជាសត្រូវ។ ក៏ប៉ុន្តែ ទោះធ្វើមិត្តជាមួយនរណាក៏ដោយ ក៏មិនមានន័យថា កម្ពុជាបោះបង់ចោល ឯករាជ្យ និងអធិតេយ្យខ្លួននោះទេ»។ ហើយសម្តេចបានបន្តសង្កត់ធ្ងន់ថា៖ «ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណាដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ។ ខ្ញុំមិនធ្វើអ្វីដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ»។
ក្រោយមានសន្តិភាព ប្រទេសកម្ពុជាបានចាប់ផ្តើមស្តារទំនាក់ទំនងការបរទេសរបស់ខ្លួនឡើងវិញ ជាមួយប្រទេសផ្សេងៗ នៅប៉ុន្មានទសវត្សចុងក្រោយនេះ បន្ទាប់ពីឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្ស។ បើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺរហូតមកដល់ពេលនេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការកសាងសហគមន៍ អាស៊ានដោយសំដៅ បម្រើប្រជាជន និងយកប្រជាជនជាស្នូល រក្សានិងពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ហើយតាមរយៈអាស៊ាន នឹងជំរុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនិងសង្គម ផ្អែកលើគោលការណ៍គ្រឹះ២ គឺ៖ ការប្រកាន់កុងសង់ស៊ុសក្នុងរាល់សេចក្តីសម្រេច និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
ក្រៅពីនោះ កម្ពុជាក៏ជំរុញការងារការទូតសេដ្ឋកិច្ច ដើម្បីរួមចំណែកជាមួយស្ថានប័នជំនាញក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ធ្វើពិពិធកម្មប្រភពវិនិយោគ ពង្រីកទីផ្សារនាំផលិតផលកម្ពុជាទៅក្រៅប្រទេស ទាក់ទាញទេសចរណ៍ និងលើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ។ រួមចំណែកក្នុងកិច្ចប្រឹងប្រែងដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) បន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ពិសេស ជាមួយចិន សាធារណរដ្ឋកូរ៉េ និងសហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី។
សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ កម្ពុជាក៏បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម នៅក្នុងការចាត់ចែងកិច្ចការពិភពលោក និងរួមចំណែកក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាពផងដែរ៕