(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
ការប្រកាសបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលរៀបចំធ្វើឡើង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឆ្នាំ២០២០នេះ ជាឆ្នាំដែលអង្គការសហប្រជាជាតិ ប្រារព្ធខួបទី៧៥ របស់ខ្លួន ក្រោមការប្តេជ្ញារួមគ្នា ដើម្បីពង្រឹងលើកតម្កើងពហុភាគីនិយម។ ឆ្នាំ២០២០នេះ ក៏ជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមប្រធានបទ «ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»។
សម្តេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិក ASEM នៅឆ្នាំ២០០៤មក យើងតែងផ្តល់តំលៃដល់វេទិកានេះ ជាវេទិកាដ៏សំខាន់ សំរាប់កិច្ចសហប្រតិបត្តិការរវាង តំបន់អាស៊ីនិងអឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកជាច្រើន។
សព្វថ្ងៃនេះ គ្មាននរណាអាចប្រកែកបានឡើយ ចំពោះតំលៃនិងសារសំខាន់ នៃវេទិកា ASEM នៅក្នុងកិច្ចការនយោបាយ ការទូត និងទំនាក់ទំនងអន្តរតំបន់។ ចាប់តាំងពីការកកើតឡើងរបស់ខ្លួន នាឆ្នាំ១៩៩៦ ASEM បានបំពេញតួនាទី ជាគន្លឹះក្នុងឋានៈជាវេទិកាសន្ទនា និងសហប្រតិបត្តិការ ដែលផ្សាភ្ជាប់អាស៊ីនិងអឺរ៉ុប។ នេះជាបញ្ជាក់បន្ថែម របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ASEM ក៏ជាវេទិកាដែលផ្តល់ឲ្យកម្ពុជា នូវកាលានុវត្តភាពជាច្រើន ដើម្បីជំរុញឲ្យកាន់តែរហ័ស និងស៊ីជម្រៅនូវសមាហរណកម្មរបស់ខ្លួន នៅក្នុងតំបន់ និងពិភពលោកផងដែរ។ កិច្ចប្រជុំកំពូល ASEM លើកទី១៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងការទូតធំបំផុតសម្រាប់កម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុត សម្រាប់កម្ពុជា បញ្ជាក់ក្នុងកំរិតខ្ពស់បំផុត នូវការបេ្តជ្ញារបស់ខ្លួន ចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែង របស់ពិភពលោក ក្នុងការដោះស្រាយ ការប្រឈមជាសកល និងការចូលរួមស្វែងរកកាលានុវតភាព ក្នុងការធ្វើឲ្យប្រសើរនូវសេដ្ឋកិច្ចពិភពលោក។
សម្តេចតេជោ បានបន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំ មេដឹកនាំពី៥១ប្រទេស និងប្រធានស្ថាប័នតំបន់២ ព្រមជាមួយការចាត់តាំង រៀបចំព្រឹត្តិការណ៍ចំនួន៧ទៀតនោះ គឺទាមទារកិច្ច ប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត។ កម្ពុជា ប្តេជ្ញានឹងសម្រេចកិច្ចការនេះ ប្រកបដោយកិត្តិយស និងជោគជ័យ៕