(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះបញ្ហាប្រឈមធំៗ និងកើតឡើងថ្មីៗ នៅពិភពលោកបច្ចុប្បន្ន ដែលទាមទារឲ្យមានកាប្រឹងប្រែងរួមគ្នាដោះស្រាយ និងឆ្លើយតបនឹងបញ្ហាទាំងនោះ។
បញ្ហាប្រឈមជាសកលដែលជាក្តីបារម្ភនោះរួមមាន ការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រឹដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រឹដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លងដូចជា ជំងឺ Corona virus នៅទីក្រុង Wuhan ដែលទើបកើតឡើងថ្មីៗនេះជាដើម។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបណ្តាឆ្នាំខាងមុខភាពតានតឹង ការប្រឈម និងការប្រកួតប្រជែងបច្ចុប្បន្ន នឹងបន្តវិវឌ្ឍក្នុងលក្ខណៈលំបាក ស្មុគ្រស្មាញ ពិបាកប៉ាន់ស្មានបាន តាមទិសមិនប្រាកដប្រជាទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា និងសន្តិសុខ។
សម្តេចតេជោបន្ថែមថា ភាពតានតឹងនៅតំបន់មួយចំនួនអាចនឹងកើនឡើង និងឈានទៅរកកំរិតប្រកបដោយគ្រោះថ្នាក់ នៅអាស៊ីខាងត្បូង នៅអាមេរិកឡាទីន និងនៅអាហ្រ្វិកជាដើម ជាពិសេសនៅតំបន់ ដែលកំពុងមានភាពផុយស្រួយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះធា «ការប្រឈមធំៗជាសកល ដូចជាការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រឹដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រឹដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លង តួយ៉ាង Corona virus នៅ Wuhan ថ្មីៗនេះ។ល។ នៅតែបន្តចោទជាគ្រោះថ្នាក់ ហើយទាមទារឱ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីរកដំណោះស្រាយឆ្លើយតប»។
បញ្ហាឈមមួយទៀតសម្រាប់កម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា គឺការប្រើលេស ស្តីពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមស្តង់ដារទ្វេ និងមិនសមស្រប ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសទីទៃ តាមការប្រើប្រាស់ឧបករណ៍ នយោបាយនិងសេដ្ឋកិច្ច នឹងបន្តដាក់សម្ពាធធ្ងន់ធ្ងរ លើប្រទេសទន់ខ្សោយ ក្នុងនោះរាប់ទាំងកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតស្ថានការណ៍បញ្ហាប្រឈមនានាដូចខាងលើនេះ តម្រូវឱ្យកម្ពុជាប្រកាន់នយោបាយការបរទេសមួយ ដែលបំរើលើកស្ទួយ និងការពារផលប្រយោជន៍ គោលរបស់ជាតិដោយប្រមូលផ្គុំ លើការងារធំទាំង៥ដូចតទៅ៖
ការងារទី១៖ គឺការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់ម៉ុតនូវ សន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម។
សម្រាប់ប្រទេសដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាកនៃសង្រ្គាមបំផ្លិចបំផ្លាញនិងការបែកបាក់ដូចកម្ពុជា តើមានអ្វីសំខាន់ជាង និងមានតំលៃជាងសន្តិភាព ស្ថិរភាព ឯកភាព និងសុខដុមនីយកម្មនៃសង្គមជាតិនោះ? ពាក្យស្លោក «អរគុណសន្តិភាព» ដែលសម្តេចបានបំផុស ដើម្បីអបអរឆ្នាំថ្មីឆ្នាំសកលកន្លងទៅនេះ ត្រូវបានទទួលស្វាគមន៍ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងក្លាយទៅជាចលនាដ៏ធំមួយក្នុងទូទាំងប្រទេស។
កម្ពុជានឹងបន្តរក្សាយ៉ាងម៉ុតមាំ នូវឯករាជ្យភាពក្នុងរាល់សេចក្តីសម្រេច លើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយ អព្យាក្រឹត្យភាពអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់ នៅលើសកលលោក និងដោះស្រាយរាល់បញ្ហា ដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ យើងនឹងរក្សានិងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនក្នុងការជ្រើសរើសវិធី និងមធ្យោបាយដែលសមស្របបំផុតដើម្បីការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ ស្នូលរបស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។
ការងារធំទី២៖ អនុវត្តតាមទិសស្លោក «បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ»។ កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការទំនាក់ទនង និងភាពជាដៃគូល្អប្រសើរ ដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឈឹមបូព៌ា និងអាមេរិកឡាទីន។
កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការកសាងសហគមន៍ អាស៊ានដោយសំដៅ បំរើប្រជាជន និងយកប្រជាជនជាស្នូល រក្សានិងពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ហើយតាមរយៈអាស៊ានជំរុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនិងសង្គម ផ្អែកលើគោលការណ៍គ្រឹះ២គឺ៖ ការប្រកាន់កុងសង់ស៊ុសក្នុងរាល់សេចក្តីសម្រេច និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
ការងារទី៣៖ ជំរុញការងារការទូតសេដ្ឋកិច្ច ដើម្បីរួមចំណែកជាមួយស្ថានប័នជំនាញ ក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ធ្វើពិពិធកម្មប្រភពវិនិយោគ ពង្រីកទីផ្សារនាំផលិតផលកម្ពុជា ទៅក្រៅប្រទេស ទាក់ទាញទេសចរណ៍ និងលើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ។ រួមចំណែកក្នុងកិច្ចប្រឹងប្រែង ដើម្បីឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP) បន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ពិសេសជាមួយចិន សាធារណរដ្ឋកូរ៉េ និងសហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី។
ការងារទី៤៖ បន្តគាំទ្រនិងពង្រឹងពហុភាគីនិយម នៅក្នុងការចាត់ចែងកិច្ចការពិភពលោក និងរួមចំណែកក្នុងកិច្ចប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់ នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ បន្តចូលរួមយ៉ាងសកម្ម ដល់បុព្វហេតុសន្តិភាពលើពិភពលោក ដោយបញ្ជូនកងកំលាំងកម្ពុជា ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បំពេញភារកិច្ចមនុស្សធម៌ប្រកប ដោយវិជ្ជាជីវៈខ្ពស់ ការគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យនិងច្បាប់អន្តរជាតិ កសាងទំនាក់ទំនងល្អជាមួយអង្គភាព និងប្រជាជនមូលដ្ឋាន។
ការធ្វើឱ្យស៊ីសង្វាក់គ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមក នូវគំនិតផ្តួចផ្តើមតំបន់នានា មាន «ខ្សែក្រវ៉ាត់និងផ្លូវ» បណ្តា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» និងនយោបាយរបស់ប្រទេសធំៗ ក្នុងតំបន់ដែលសម្លឹងមកតំបន់អាស៊ី-អាគ្នេយ៍របស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌទន្លេមេគង្គដើម្បីទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។ យកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់ ចំពោះការអភិវឌ្ឍ បញ្ញាសិប្បនិមិត និងបច្ចេកវិទ្យាឌីជីថល ដើម្បីតាមឱ្យទាន់ប្រទេសជិតខាង និងពង្រឹងសមត្ថភាពកម្ពុជា ក្នុងការតបតនឹងហានិភ័យនៃសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ក្នុងសម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី៤។
ការងារចុងក្រោយទី៥៖ ការលើកកំពស់គុណភាព ប្រសិទ្ធិភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីការទូត ដើម្បីដោះស្រាយបញ្ហាប្រឈម ស្តីពីធនធានមនុស្សដែលក្រសួងការបរទេស ក៏ដូចជាក្រសួងស្ថានប័នរដ្ឋនានាជួបប្រទះដែរ៕