(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សហគមន៍អន្តរជាតិ គួរគប្បីជួយកម្ពុជាឱ្យបានខ្លាំងឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការរបស់ពួកគេ ដែលអាចនឹងក្លាយជាការសាងកំហុសលើកទី៣ សម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងាឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។
គណៈកម្មការអឺរ៉ុប ក្រោមហេតុផលថា ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានឱនភាពនោះ បាននឹងកំពុងដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា។ ការសម្រេចចុងក្រោយរបស់គណៈកម្មការអឺរ៉ុប នឹងប្រកាសនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ។ ដែលវិធានការនេះ ត្រូវបានគេមើលឃើញថា ជាវិធានការទណ្ឌកម្មមួយរបស់គណៈកម្មការអឺរ៉ុបមកលើកម្ពុជា។
នៅចំពោះមុខមន្ត្រីឯកអគ្គរដ្ឋទូត និងមន្ត្រីតំណាងស្ថានទូតប្រទេសជាមិត្តនានាដែលបានចូលរួមក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នយោបាយដាក់ទណ្ឌកម្ម ជានយោបាយប្រទេសធំសង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ។ ជាពិសេសពួកគេអនុវត្តនយោបាយនេះ ក្នុងនាមគុណតម្លៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឱ្យគេ។
សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាមជិត ៣០ឆ្នាំ ហើយបានស្រោចស្រង់មកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ គប្បីជួយឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការរបស់ពួកគេ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បែបនេះ «ចំពោះកម្ពុជាវិញ សហគមន៍អន្តរជាតិ គប្បីជួយយើងឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការដែលនឹងអាចក្លាយជាកំហុសលើកទី៣របស់ខ្លួន»។
សម្តេចតេជោបន្តថា «គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ចនិងសង្គម របស់យើង ពីព្រោះតាំងពីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើសនោះតែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពិតប្រាកដរបស់ប្រទេស និងប្រជាជន។ នោះគឺជាជម្រើសដែលបានស្តារជូនប្រជាជនកម្ពុជាវិញនូវសិទ្ធិជាមូលដ្ឋានគ្រប់បែបយ៉ាង គឺសិទ្ធិទទួលអាហារ ការថែទាំសុខភាព ការរៀនសូត្រ ជម្រកផ្ទះសំបែង សិទ្ធិការងារ វប្បធម៌ និងសេរីភាព»។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ការព្យាយាមបន្ទុចបង្អាក់ការអភិវឌ្ឍន៍របស់កម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិតាមរយៈការដាក់ទណ្ឌកម្មនេះ អាចជាការសាងកំហុសលើកទី៣មកលើកម្ពុជា ខណៈដែលពួកគេធ្លាប់បានសាងកំហុសពីរលើករួចមកហើយ។ កំហុសទីមួយ គឺការគាំទ្រយោធាឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីប្រមុខរដ្ឋនៅឆ្នាំ១៩៧០ និងកំហុសទីពីរ គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ បន្ទាប់ពីរបបនេះត្រូវបានវាយផ្តួលរំលំនៅឆ្នាំ១៩៧៩នោះ។
បើទោះបីថាកម្ពុជាកំពុងប្រឈមមុខនឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបយ៉ាងណាក្តី តែនៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សម្តេចមិនឱ្យនរណាមកដឹកច្រមុះកម្ពុជា ហើយក៏មិនយកអធិបតេយ្យជាតិទៅដោះដូរជាមួយការអនុគ្រោះពន្ធ ឬជំនួយរបស់ប្រទេសណាទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា វាគ្មានតម្លៃ ហើយថោកទាបថែមទៀតផង សម្រាប់ប្រទេសមួយ ដែលមិនអាចអនុវត្តន៍ច្បាប់របស់ខ្លួន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់ប្រទេសដទៃនោះ៕