(ភ្នំពេញ)៖ ក្រុមហ៊ុនហាយដ្រូផៅវ័រឡូវើរសេសាន២ គឺជាក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាទំនប់ដែលវែងជាងគេនៅអាស៊ី និងធំជាងគេនៅកម្ពុជា។ ដោយយកចិត្តទុកដាក់ក្នុងផលិតថាមពលនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះបានរៀបចំដំណើរទស្សនិកដល់បុគ្គលិកជនជាតិខ្មែរចំនួន២រូបទៅធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីគម្រោងថាមពលកង្ហាខ្យល់ស៊ាំងយូន(Huaneng Xiangyun Wind Power Project) និងស្ថានីយផលិតថាមពលដើរដោយថាមពលព្រះអាទិត្យសឺលីន (Huaneng Shilin Photovoltaic Power Station)។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ បុគ្គលិកជំនាញនិងបច្ចេកទេសចិនបានធ្វើការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងពន្យល់ពីស្ថានភាពមូលដ្ឋាននៃគម្រោងថាមពលថ្មី ដល់បុគ្គលិកខ្មែរទាំង២រូប ។

ក្រោយពីបានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីដំណើរការនៃការផលិតថាមពលអគ្គិសនីដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យរួចហើយ។ បុគ្គលិកខ្មែរដែលធ្វើការនៅទំនប់វារីអគ្គិសនីសេសានក្រោម២ទាំងពីរូប បង្ហាញចំណាប់អារម្មណ៏ថា ពួកគាត់ពិតជាសប្បាយចិត្តនៅក្នុងដំណើរទស្សនកិច្ចនេះ ព្រោះថាកន្លងមកអ្នកទាំងពីធ្លាប់តែបានបម្រើការងារនៅក្នុងទំនប់វារីអគ្គិសនី ហើយនៅក្នុងដំណើរទស្សនកិច្ច បានបង្រៀនអ្នកទាំងពីអំពីការទាញយកថាមពល២ផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានដូចគ្នា។ ហើយនេះជាការបញ្ជាក់ពីលោក ធា កុសល់ វិស្វករអគ្គិសនីនៃវារីអគ្គិសនីសេសានក្រោម២។

លោក ធា កុសល់ បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះផងដែរខ្ញុំពិតជារីករាយបំផុតដែលបានធ្វើទស្សនកិច្ចនៅទីតាំងថាមពលសឡា ដើរដោយពន្លឺព្រះអាទិត្យ។ ហើយខ្ញុំក៏បានសិក្សាអំពីបច្ចេកទេសថ្មីៗ ដែលប្លែកពីវារីអគ្គិសនី។ ព្រោះនៅវារីអគ្គិសនីគឺយើងប្រើប្រាស់ថាមពលទឹក ដើម្បីក្លាយទៅជាថាមពលអគ្គិសនី បន្តែដោយឡែកនៅទីនេះគឺយើងប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បីបម្លែងថាមពលអគ្គិសនី។ វា{ស្ថានីយផលិតថាមពលដើរដោយថាមពលព្រះអាទិត្យសឺលីន} មានអនុភាពផលិតដល់ទៅ១០០មេកាវ៉ាត់ ហើយផ្ទៃដីដែលសាងសង់នេះមានទំហំរហូតដល់ទៅ១៧៦ហិកតា គឺវាធំមែនទែន»

ក្រោយទទួលបានការណែនាំស្តីពីការសាងសង់ ប្រតិបត្តិការផលិតកម្មនិងការគ្រប់គ្រងនៃរោងចក្រថាមពលអគ្គីសនីដោយបុគ្គលិកជំនាញចិន បុគ្គលិកខ្មែរបានធ្វើដំណើរទស្សនកិច្ចទៅកាន់បន្ទប់បញ្ជា អនុស្ថានីយដំឡើងតង់ស្យុង រួមទាំងឧបករណ៍ប្រតិបត្តិការផ្សេងៗ។ តាមរយៈដំណើរទស្សនកិច្ចនេះ បុគ្គលិកខ្មែរបានឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការអភិវឌ្ឍគម្រោងថាមពលថ្មីរបស់China Huaneng។

ពួកគាត់ចង់ឲ្យប្រទេសកម្ពុជាមានស្ថានីផលិតថាមពលអគ្គិសនីដោយថាមពលខ្យល់ និងពន្លឺព្រះអាទិត្យនេះដែរ។ ព្រោះថាក្រៅពីវារីអគ្គិសនី គឺស្ថានីយទាំង២ប្រភេទនេះ ក៏ជាការផលិតថាមពលបៃតងនិងស្អាត ដែលមិនធ្វើឲ្យប៉ះពាល់បរិស្ថាននោះឡើយ។

ហើយនេះជាការលើកឡើងរបស់លោក ឆាយ ខាយម៉េង អ្នកសម្របសម្រួលបម្លាស់ទីរបស់អ្នកភូមិ ក្នុងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២... ៖ «ខ្ញុំបានទីដល់ទីកន្លែងជាក់ស្ដែងឃើញថាវាជាភាពអស្ចារ្យមួយ នៃបច្ចេកវិទ្យាបច្ចុប្បន្ន គឺជាថាមពលអគ្គិសនីថ្មី ដែលមិនមានផលប៉ះពាល់។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ ខ្ញុំឃើញថាវាអាចនាំប្រទេសមួយ ឈានទៅដល់ការអភិវឌ្ឍន៍ជឿនលឿន។ ដូច្នេះគោលបំណងខ្ញុំគឺស្ថានីយផលិតថាមពលទាំង២ប្រភេទនេះ បើសិនជាអាចធ្វើការវិនិយោគ ឬសាងសង់នៅប្រទេសកម្ពុជាយើង ខ្ញុំគិតថាកម្ពុជាយើងនឹងមានការរីកចម្រលើនលឿន»

ចំណែកឯលោក ធា កុសល់ ដែលជាវិស្វករអគ្គិសនីប្រចាំនៅវារីអគ្គិសនសេសានក្រោម២ ដែលបានធ្វើដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ ក៏ចាប់អារម្មណ៍ចង់ឲ្យមានការវិនិយោគស្ថានីយថាមពលសឡា និងកង្ហាខ្យល់នេះ នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

លោក ធា កុសល់ បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំកត់សម្គាល់ឃើញថា វាគឺជាថាមពលអគ្គិសនីថ្មីមួយ ហើយក៏ជាបច្ចេកទេសដ៏ល្អមួយដែរ ដែលនៅក្នុងប្រទេសខ្មែរយើងអត់ទាន់មាន។ ដូច្នេះនៅថ្ងៃអនាគតខ្ញុំសង្ឃឹមថា នៅប្រទេសកម្ពុជារបស់យើងគឺមានការវិនិយោគពីក្រុមហ៊ុន China Huaneng Group ដើម្បីបង្កើតជាស្ថានីយផលិតថាមពលទាំង២ប្រភេទនេះនៅប្រទេសកម្ពុជា»

ស្ថានីយអគ្គិសនីទាំង២នេះ គឺជាស្ថានីយ២ប្រភេទ និង២ទីតាំងផ្សេងគ្នារបស់ក្រុមហ៊ុន China Huaneng គ្រុប។ ដោយក្រុមហ៊ុន China Huaneng គ្រុប គឺជាក្រុមហ៊ុនថាមពលមួយ ដែលមានអាជីវកម្មដូចជាថាមពលអគ្គិសនី ធ្យូងថ្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យានិងឧស្សាហកម្មដឹកជញ្ជូនជាច្រើននៅលើពិភពលោក។ នៅឆ្នាំ២០១៩ China Huaneng គ្រុប ត្រូវបានទទួលចំណាត់ថ្នាក់លេខទី ២៨៦ ក្នុងចំណោមក្រុមហ៊ុនកំពូលៗទាំង ៥០០ នៃពិភពលោក។

នៅឆ្នាំ ២០១៩ ប្រទេសចិនបានចូលរួមចំណែក ២០% នៃការផលិតថាមពលអគ្គិសនីទូទាំងពិភពលោក ក្នុងនោះ ថាមពលអគ្គិសនីជាង ១០% ត្រូវបានផ្តល់ដោយ China Huaneng។

China Huaneng គ្រុប មានឆន្ទៈចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ។ ក្រុមហ៊ុនដ៏ធំមួយនេះបានបញ្ជាក់ជំហរ ក្នុងការចូលរួមផ្តល់សេវាកម្មកិច្ចសន្យាទូទៅសម្រាប់គម្រោងថាមពលអន្តរជាតិ និងផ្តល់នូវដំណោះស្រាយដែលមានប្រសិទ្ធិភាព។

រហូតមកដល់ឆ្នាំ២០១៩ China Huaneng ត្រូវបានកាន់កាប់គម្រោងថាមពលនៅ ៦ប្រទេស ក្នុង ៣ ទ្វីប ក្នុងនោះមានដូចជាបានទិញនិងប្រតិបត្តិការក្រុមហ៊ុនអគ្គិសនីអូស្រ្តាលីដោយជោគជ័យ សាងសង់-ប្រតិបត្តិការស្ថានីយវារីអគ្គិសនី Shweli(1) ដែលជាស្ថានីយវារីអគ្គិសនីធំជាងគេនៅប្រទេសមីយ៉ាន់ម៉ា សាងសង់-ប្រតិបត្តិការស្ថានីយធ្យូងថ្ម Sahiwal ដែលទទួលបានពានរង្វាន់“ ស្នាដៃលេចធ្លោ” របស់ប្រទេសប៉ាគីស្ថាន សាងសង់-ប្រតិបត្តិការស្ថានីយវារីអគ្គិសនីសេសានក្រោម២ដែលជាស្ថានីយវារីអគ្គិសនីធំជាងគេនៅប្រទេសកម្ពុជា និងជាទំនប់វែងបំផុតនៅទ្វីបអាស៊ី។ ទន្ទឹមគ្នានឹងនេះ តាមរយៈគុណសម្បត្តិរបស់ China Huaneng គ្រុប បានពង្រីកផ្តល់សេវាកម្មបច្ចេកវិទ្យាថាមពលនៅបណ្តាប្រទេសជាង ២០ ប្រទេស។

ការអភិវឌ្ឍថាមពលថ្មីរបស់ China Huaneng បានពន្លឿននៅឆ្នាំ ២០១៩។ នៅចុងឆ្នាំ ២០១៩ កម្លាំងអនុភាពថាមពលបៃតុងរបស់ Huaneng មានចំនួនលើសពី ៦១ លានគីឡូវ៉ាត់។ បន្ទាប់ពីការដាក់ឲ្យដំណើរការជាផ្លូវការនៃស្ថានីយថាមពលពន្លឺព្រះអាទិត្យសឺលីន (Huaneng Shilin Photovoltaic Power Station) ដែលគម្រោងមួយនេះអាចផលិតថាមពលចំនួន ១១៨ លានគីឡូវ៉ាត់ម៉ោងប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល ២០ ឆ្នាំ ដែលអាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចំនួន ១១០,០០០ តោនជារៀងរាល់ឆ្នាំ។

China Huaneng កំពុងខិតខំកសាងខ្លួនទៅជាសហគ្រាសមុខគេក្នុងវិស័យថាមពលថ្មីនៅប្រទេសចិននិងពិភពលោក។ ដោយបានប្រកាន់ខ្ជាប់នូវទិសដៅ“ ការអភិវឌ្ឍសេដ្ឋកិច្ចដោយមានភាពបៃតងនិងកាបូនទាប” ហើយយកគោលដៅជាយុទ្ធសាស្ត្រ“ កសាងសហគ្រាសថាមពលថ្មីមុខគេនៅក្នុងប្រទេសចិននិងពិភពលោក” បន្តអនុវត្តស្មារតីក្រុមហ៊ុន“ ភាពសុខដុម ការច្នៃប្រឌិត និងការស្វែងរកឧត្តមភាព” ដើម្បីខិតខំចូលរួមចំណែកថាមពលបៃតុងស្អាតដល់ពិភពលោក កែលំអរចនាសម្ព័ន្ធធផ្គត់ផ្គង់ថាមពល និងបំពេញកាតព្វកិច្ចសង្គម។ China Huaneng គ្រុប មានឆន្ទៈចាប់ដៃគ្នាជាមួយប្រជាជនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងកសាងអនាគតដ៏ប្រសើរមួយ៕