(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមកពីស្រុកបន្ទាយមាស និងស្រុកដងទង់ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» នៅសាលប្រជុំសាលាខេត្តកំពតចាស់។

ពិធីនេះក៏មានការចូលរួមពីសំណាក់សមាជិកសមាជិកាគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាជាង ៣០០នាក់ផងដែរ។

ក្នុងកិច្ចសំណេះសំណាលនេះលោក ជាវ តាយ បានចាត់ទុកពិធីសំណេះសំណាល សួរសុខទុក្ខ អ្នកស្ម័គ្រចិត្តនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តមួយកម្រិត ថែមទៀតដល់អ្នកស្ម័គ្រចិត្ត ដែលជាកម្លាំងមនុស្សធម៌ដ៏មុតស្រួច ហើយមានសារៈសំខាន់ក្នុងការបន្តបេសកកម្មជួយសហគមន៍ និងជនដែលងាយរងគ្រោះនៅក្នុងការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ហើយក៏ស្របទៅនឹងបរិបទជាតិ និងកាកបាទក្រហមកម្ពុជា ដើម្បីសម្ដែងនូវការអរគុណ និងកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលារបស់អ្នកស្ម័គ្រចិត្ត ដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយ នៃការសម្រាលទុក្ខលំបាកនៅតាមមូលដ្ឋាន។

លោក ជាវ តាយ ក៏បានពាំនាំអំណរសាទរ និងការកោតសរសើរព្រមទាំងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគណៈកម្មាធិការសាខា អនុសាខាក្រុមប្រតិបត្តិថ្នាក់សាខា អនុសាខា អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម ដែលបានផ្ដល់កិត្ដិយស លះបង់ពេលវេលា ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ ដែលជាសក្ខីភាពនៃការចូលរួមគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមគ្នានេះដែរ លោកអភិបាលខេត្ត ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានឧបត្ថម្ភថវិកា សរុបចំនួន ៤,៥៨០,០០០រៀល ជូនដល់ សមាជិកអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលមកពីស្រុកចំនួនពីរខាងលើ សរុបចំនួន ២២៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល៕