(សៀមរាប)៖ គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិក។

បើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំ
សម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។

សូមជម្រាបថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក៕