(ភ្នំពេញ)៖ នៅក្នុងសន្និបាតលើកទី៤២ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណបក្សប្រជាជនកម្ពុជា បានអះអាងថាខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយហេតុការណ៍នានា ដែលកើតចេញពីឧបាយកលអាក្រក់ផ្សេងៗ ក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានថ្លែងពន្យល់ទៅកាន់សមាជិក សមាជិកា ដែលចូលរួមក្នុងសន្និបាតនេះថា ការចលនាប្រែប្រួលរីកចម្រើនរបស់សង្គមមួយ គឺពុំមែនឈានឡើងត្រង់ភ្លឹងហ្នឹងដូចព្រួញដោយគ្មានជួបឧបសញ្ញា ឬបញ្ហាប្រឈមនោះទេ។ យ៉ាងណាមិញក្នុងដំណើរនៃការខិតខំធ្វើឱ្យកម្ពុជាមានការប្រែប្រួលរីកចម្រើនរហូតដល់ថ្ងៃនេះ គណបក្សយើងបានជួបឧបសគ្គ និងបញ្ហាប្រឈមច្រើនណាស់ដែលត្រូវដោះស្រាយ។ ប៉ុន្តែអាស្រ័យដោយផ្លូវដើរដែលយើងបានជ្រើសរើស គឺជាផ្លូវត្រឹមត្រូវហើយត្រូវបានប្រជាជនគាំទ្រ និងចូលរូមនៅគ្រប់ដំណាក់កាលនោះ ជាហេតុនាំឱ្យយើងអាចជម្នះបាននូវរាល់ឧបសគ្គ និងការលំបាកទាំងឡាយ ហើយបើកផ្លូវឱ្យកម្ពុជាឈានឡើងជាលំដាប់។
សម្តេចបានគូសបញ្ជាក់ថា៖ «យោងតាមស្ថានការណ៍ពិភពលោក និងតំបន់ដែលបន្តប្រែប្រួល ផ្លាស់ប្តូរឆាប់រហ័ស និងស្លុគស្មាញ និងផ្នែកតាមការប៉ាន់ស្មាន នៃសភាពការណ៍កម្ពុជានាពេលខាងមុខ គណបក្សយើងបានត្រៀមរួចស្រេចហើយនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនានា ដើម្បីធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយរបស់គណបក្ស ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលមួយជំហានថែមទៀតនៅក្នុងឆ្នាំ២០២០នេះ។ លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការដោះស្រាយនូវរាល់បញ្ហាចៃដន្យ ដែលអាចកើតមានពីការអនុវត្តភារកិច្ចរបស់យើង និងត្រូវត្រៀមសម្រាបការដោះស្រាយវហេតុការណ៍នានាដែល កើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិយើង»។
សម្តេចបានបន្តទៀតថា៖ ផ្អែកលើមេរៀនពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជាបន្តបន្ទាប់នោះ យើងមានជំនឿយ៉ាងមុតមាំថា ដំណើរជាតិកម្ពុជានឹងបន្តបោះជំហានកាន់តែស្វាហាប់ នៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងនៅលើផ្លូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី កំណើន សេដ្ឋកិច្ច ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋកាន់តែរឹងមាំ៕