(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា និងក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ដឹកនាំដោយ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) នឹងអញ្ជើញចូលរួមជាអធិបតីក្នុង «កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០-សេអ៊ូល នៃសហព័ន្ធសន្តិភាពសកល UPF» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស»។ នេះបើតាមការប្រកាសរបស់រដ្ឋសភា។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា និងក្រុមប្រឹក្សាវប្បធម៌អាស៊ីនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកបណ្ឌិត ថូម៉ាស ជី. វ៉ែល (Thomas G. Walsh) ប្រធាន នៃសហព័ន្ធសន្តិភាពសកល។

នៅក្នុងព្រឹតិ្តការណ៍នេះ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី នឹងចូលរួមថ្លែង សុន្ទរកថាក្នុងសន្និបាតពិភពលោក នៃសមាគមអន្តរជាតិ នៃសមាជិកសភាសម្រាប់សន្តិភាព(IAPP) ស្តីពីតួនាទីដ៏សំខាន់របស់សភាក្នុងការចូលរួមថែរក្សា ការពារ សន្តិភាព និងសនិ្តសុខ ដោយធ្វើការចែករំលែក និងផ្លាស់ប្តូរនូវទស្សនៈវិស័យ ពាក់ព័ន្ធនឹងបញ្ហានានាដូចជា បញ្ហាហិង្សាជ្រុលនិយម អំពើភេវរកម្ម ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយអន្តរជាតិ និងការកើនឡើងវិសមភាព ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខមនុស្ស និងសុខុមាលភាពសង្គមក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

ក្នុងកំឡុងពេលនេះដែរ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏គ្រោងនឹងជួបសំណេះសំណាល និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រតិភូតំណាងមកពីស្ថាប័នជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលជាសមាជិកសមាគមអន្តរជាតិនៃសមាជិកសភាសម្រាប់សន្តិភាព(IAPP)។

«កិច្ចប្រជុំកំពូលពិភពលោក២០២០-សេអ៊ូល» គឺជាវេទិកាអន្តរជាតិ ដែលបង្កើតឱ្យមានការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកគតិបណ្ឌិត និងការយល់ឃើញរបស់ថ្នាក់ដឹកនាំផ្សេងៗ មេដឹកនាំសាសនា ធុរជន និងតំណាងសង្គមស៊ីវិល ក្នុងគោលបំណងចូលរួមកសាងពិភពលោកមួយប្រកបដោយការអធ្យាស្រ័យគ្នាទៅវិញទៅមក សន្តិភាពប្រកបដោយនិរន្តភាព និងវិបុលភាពសម្រាប់មនុស្សទាំងអស់។

ពិសេសជាងនេះទៅទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាអាស៊ី ត្រូវបានផ្តល់កិត្តិយសជាប្រមុខថ្នាក់ដឹកនាំដ៏សំខាន់ ដើម្បីអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ មកពីគ្រប់ទិសទីក្នុងពិភពលោក អំពីបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងដំណើរការកសាង សន្តិភាព និងប្រទេសជាតិ តាមរយៈ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលធ្វើឱ្យកម្ពុជាអាចបញ្ចប់ការតស៊ូប្រដាប់អាវុធ ហើយទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញនៅចុងទសវត្សឆ្នាំ១៩៩០។

សហព័ន្ធសន្តិភាពសកល(UPF) គឺជាអ្នករៀបចំដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ ហើយដែលមានឋានៈជាអ្នកពិគ្រោះយោបល់ទូទៅជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ(ECOSOC) ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ត្រូវបានអញ្ជើញទៅចូលរួមជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី១ ដែលជាកិច្ចប្រជុំដ៏សំខាន់មួយ ចំណុះអោយកិច្ចប្រជុំកំពូល នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ ហើយបន្ទាប់មកកម្ពុជាមានកិត្តិយស និងមោទនភាពក្រៃលែង ដោយបានប្រារព្ធកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ មានការរំពឹងទុកថា នឹងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាល ប្រធានសភា ភ្ញៀវអន្តរជាតិ មកពីគ្រប់ទិសទីនៅលើពិភពលោក ដែលនឹងរួមគ្នាផ្តល់នូវវិភាគទានជាវិជ្ជមានក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីកសាងពិភពលោកសន្តិភាពយូរអង្វែងសម្រាប់គ្រួសារមនុស្សជាតិទាំងមូល៕