(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានកែសម្រួលនូវនីតិវិធីថ្មី នៃការបង់ថ្លៃសំរាម ដោយកាត់ផ្ដាច់ចេញពីវិក្កយបត្រអគ្គិសនីកម្ពុជា មានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងរាជធានីភ្នំពេញ ហាក់មានការងឿងឆ្ងល់អំពីនីតិវិធីថ្មីនេះ ដោយពួកគាត់មិនដឹងថា ត្រូវបង់ថ្លៃប្រមូលសំរាមដោយរបៀបណា និងតាមវិធីណានោះទេ។

ដើម្បីដោះស្រាយនូវចម្ងល់របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្និសីទសារព័ត៌មាន ពន្យល់អំពីនីតិវិធីនៃការបង់ថ្លៃប្រមូលសំរាម។ សន្និសីទសារព័ត៌មាន ដឹកនាំដោយលោក កើត ឆែ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីដៃគូសហការផ្សេងទៀតផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក ហួត ហៃ បានពន្យល់ថា តម្លៃសេវានៃការប្រមូលសំរាម ដែលត្រូវបង់តាមនីតិវិធីថ្មីនេះ មិនខុសពីតម្លៃដែលប្រជាពលរដ្ឋ ធ្លាប់បង់ភ្ជាប់ជាមួយអគ្គិសនីនោះទេ ពោលតម្លៃ១ដុល្លារ សម្រាប់ផ្ទះល្វែងនៅរក្សាដដែល ហើយតម្លៃសម្រាប់ផ្ទះអាជីវកម្មក៏នៅរក្សាដូចគ្នាផងដែរ។

នីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាមថ្មី ត្រូវបានលោក ហួត ហៃ រៀបរាប់ថា ប្រជាពលរដ្ឋអាចបង់តាមមធ្យោបាយជាច្រើនដូចជា ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ACELDA ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត រួមមាន Wing, eMoney, Lyhour Welluy, Pi Pay, True Money និង Dara Pay ជាដើម។

នៅពេលទៅបង់ប្រាក់ នៅតាមភ្នាក់ងារទូទាត់ប្រាក់ប្រជាពលរដ្ឋគ្រាន់តែប្រាប់លេខសម្គាល់អតិថិជន (ID) របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនីជាការស្រេច។ ដោយឡែក សម្រាប់កម្រៃសេវាកម្មនៃការបង់ប្រាក់ ចន្លោះពី៥០០រៀល ទៅ៨០០រៀលតែប៉ុណ្ណោះ។ លើសពីនេះ ពលរដ្ឋក៏អាចបង់ផ្ដាច់ រយៈពេល១ឆ្នាំ ក៏បានដែរ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននេះ ក៏បានឲ្យដឹងដែរថា សម្រាប់ការបង់ថ្លៃសេវាប្រមូលសំរាម ប្រជាពលរដ្ឋត្រូវបង់ថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ហើយក្នុងករណីខកខានមិនបានបង់ទូទាត់ ក្រោយរយៈពេល១៥ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការផាកពិន័យប្រាក់ទៅតាមច្បាប់។ ដោយឡែកសម្រាប់ផ្ទះអាជីវកម្ម, ភោជនីយដ្ឋាន​ ឬសិប្បកម្មផ្សេងៗ ប្រសិនបើមិនព្រមបំពេញកាតព្វកិច្ចនេះ អាចនឹងត្រូវដកហូតលិខិតអនុញ្ញាតអាជីវកម្មជាដើម។

លោក កើត ឆែ ក៏បានអះអាងថា នីតិវិធីថ្មីនេះ គឺផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋ និងអ្នកបង្កើតសំរាមទាំងអស់ ក្នុងរាជធានីភ្នំពេញ នឹងចូលរួមចំណែកក្នុងការពង្រីកវប្បធម៌ចូលរួម ក៏ដូចជាការរក្សាអនាម័យ បរិស្ថាន សោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាតថែមទៀត៕