(ជប៉ុន)៖ ក្រុមហ៊ុន Mazda Motor Corporation បានប្រារព្ធពិធីខួបលើកទី១០០ឆ្នាំ នៃការចាប់បដិសន្ធិរបស់ខ្លួន ដើម្បីថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រក្រុមហ៊ុន និងធ្វើការបញ្ជាក់ជាថ្មីម្ដងទៀត អំពីការប្ដេជ្ញាចិត្តសម្រាប់រយៈពេលមួយសតវត្សរ៍ទៅមុខទៀត។

ក្នុងពិធីខួបលើកទី១០០ ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និយោជិត និងអ្នកតំណាងសហភាពកម្មករ និងក្រុមហ៊ុនសាខាប្រមាណ៥០០នាក់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅឯសាលប្រជុំនៃទីស្នាក់ការកណ្ដាល របស់ក្រុមហ៊ុន ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។

លោក Akira Marumoto ដែលជានាយកតំណាង ប្រធាន និងជាអគ្គនាយក បានថ្លែងថា «Mazda បានចាប់បដិសន្ធិឡើង ជាក្រុមហ៊ុនផលិតឆ្នុកដបស្រា រួចបានឈានទៅផលិតរថយន្ត។ បច្ចុប្បន្ននេះ រថយន្តរបស់យើង ទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជននៅតាមប្រទេស និងតំបន់ជាង១៣០»។

លោកបានបន្ថែមថា «យើងសូមសម្ដែង នូវការកោតសរសើរ និងស្ញប់ស្ញែងដ៏ស្មោះអស់ពីចិត្ត ចំពោះអតិថិជន តំណាងចែកចាយ អ្នកផ្គត់ផ្គង់ ដៃគូអាជីវកម្ម និងសហគមន៍មូលដ្ឋាន ដែលបានគាំទ្រយើង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយឆ្លងកាត់ទាំងពេលវេលាល្អៗ និងឧបសគ្គច្រើនរាប់មិនអស់ជាមួយគ្នា បើមិនមានអ្នកទាំងអស់គ្នា យើងក៏មិនមានខួប១០០ឆ្នាំនេះដែរ»

នៅក្នុងរយៈពេល១០០ឆ្នាំ ទៅមុខទៀត យើងនឹងនៅតែបន្តយកចិត្តទុកដាក់ ទៅលើសុខុមាលភាពរបស់មនុស្ស និងផ្ដល់តម្លៃខ្ពស់ទៅលើ «លក្ខណៈវិសេស នៃកិច្ចសហការរួមគ្នាបង្កើតជាមួយអ្នកដទៃ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក Akira Marumoto។

លោកបន្ដទៀតថា តាមរយៈការពង្រឹង ទៅលើការបង្កើតរួមគ្នា និងកិច្ចសហប្រតិបត្តិការ ជាមួយអ្នកដែលមានទំនាក់ទំនងជាមួយ ក្រុមហ៊ុន យើងនឹងបន្តប្រឹងប្រែងបង្កើតផលិតផល បច្ចេកវិទ្យា និងបទពិសោធន៍ដ៏ពិសេសប្លែកពីគេ ដែលផ្ដល់នូវទំនុកចិត្ត សម្រាប់អតិថិជនរបស់យើង។

ក្រុមហ៊ុន Mazda មានគម្រោងសម្ដែងនូវការដឹងគុណពេញមួយឆ្នាំ ដោយចូលរួមនៅក្នុងពិព័រណ៌ រថយន្តអន្តរជាតិនៅទីក្រុងហ្សឺណែវ ក្នុងខែមីនាខាងមុខ ដោយមានការដាក់បង្ហាញដំណើរ ខួប១០០ឆ្នាំ ហើយនៅក្នុងកម្មវិធី បើកទំព័រស្វាគមន៍ឆ្នាំ២០២០ របស់ក្រុមហ៊ុន Mazda នឹងមានប្រារព្ធកម្មវិធីបើក ឲ្យសាធារណជនចូលរួមទស្សនា នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Mazda ចាប់ពីថ្ងៃទី២២ ដល់២៤ ខែឧសភា ឆ្នាំ២០២០៕