(ស្វាយរៀង)៖ លោក សុខ រស់ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចុះទៅតាមច្រកទ្វាព្រំដែនអន្ដរជាតិព្រៃវល្លិ៍ និងច្រកទ្វារព្រំដែនអន្ដរជាតិបាវិត ដោយជួបជាមួយប្រធានទីស្នាក់ការនាយប៉ុស្តិ៍នគរបាលអន្ដោរប្រវេសន៍ និងមន្រ្ដីពាក់ព័ន្ធប្រចាំការច្រកទ្វារព្រំដែនអន្ដរជាតិទាំងពីរ ដើម្បពិនិត្យស្ថានភាពអ្នកដំណើរឆ្លងកាត់ព្រំដែន ផ្សព្វផ្សាយពីអាការជំងឺ និងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស។

លោក សុខ រស់ បានថ្លែងការណែនាំ ដល់សមត្ថកិច្ចគ្រប់ផ្នែកប្រចាំការនៅច្រកទ្វារព្រំដែនអន្ដរជាតិទាំងពីរ ជាពិសេសមន្រ្ដីចត្តាឡីស័ក ដែលមាននៅច្រកទ្វារព្រំដែនអន្ដរជាតិបាវិតថា ឲ្យបន្ដយកចិត្ដទុកដាក់តាមដានពិនិត្យអ្នកដំណើរចេញ ចូលឆ្លងដែនឲ្យបានហ្មត់ចត់ ក្នុងករណីមានការសង្ស័យថា អ្នកដំណើរមានផ្ទុកជំងឺកូរ៉ូណា ត្រូវធ្វើការរាយការណ៍ជាបន្ទាន់ ទៅស្ថាប័នជំនាញ ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា។

លោកអភិបាលរងខេត្តក៏បាននាំយកម៉ាស ចែកជូនដល់ច្រកទ្វារព្រំដែនអន្ដរជាតិព្រៃវល្លិ៍ចំនួន ២,០០០ម៉ាស និងច្រកទ្វារព្រំដែនអន្ដរជាតិបាវិតចំនួន៦,០០០ម៉ាស ដើម្បីប្រើប្រាស់ក្នុងអង្គភាព និងចែកជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលឆ្លងកាត់ច្រកទ្វារព្រំដែនផងដែរ៕