(ភ្នំពេញ)៖ ក្នុងរយៈពេលជិតមួយខែជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគថ្មីឈ្មោះថា «កូរ៉ូណា» បានកើតមានលើមនុស្សរហូតដល់ ១១,៩៤៣ ខណៈមនុស្ស ២៥៩នាក់បានស្លាប់បាត់បង់ជីវិត។ ប៉ុន្តែមានក៏មានមនុស្ស ២៤៣នាក់ផងដែរ ត្រូវបានជួយព្យាបាលឱ្យជាឡើងវិញ។

ក្នុងគ្រាដែលចិន កំពុងជួបការលំបាកនេះ គេហាក់មិនបានឃើញប្រទេសជាមិត្តណាចេញជួយដោះស្រាយនូវទុក្ខលំបាកមួយនេះនោះឡើយ។ ថាប្រទេសសម្ព័ន្ធមិត្តក្នុងបណ្តាញខ្សែក្រវាត់ និងផ្លូវទៅមិនសូវមានលុយ មិនសូវមានលទ្ធភាពអ្វីនឹងជួយចិន ក្រៅតែពីការបង្ហាញសមានចិត្តចូលរួមរំលែកទុក្ខរបស់ចិន។ តែប្រទេសជាសម្ព័ន្ធមិត្តក្នុងសហគមន៍មានសេដ្ឋកិច្ចរីកចម្រើន G7 និង G20 អ្នកមាន ក៏មិនបានឃើញចេញជួយចិននោះដែរ។

នៅចំពោះការលំបាកនេះ ប្រតិកម្មរបស់ប្រទេសអ្នកមានទាំងនេះ បានត្រឹមតែការជម្លៀសប្រជាជន និងបិទជើងហោះហើរទៅកាន់ប្រទេសចិនប៉ុណ្ណោះ។ ប្រតិកម្មទាំងនេះ បានស្តែងថា ពួកគេមិនត្រឹមតែមិនជួយចិនទេ ថែមទាំងឆ្លៀតយកឱកាសចាក់សម្លាប់សេដ្ឋកិច្ចដោយប្រយោលថែមទៀងផង។ បិទជើងហោះហើរ ជម្លៀសពលរដ្ឋទៅវិញ ដែលមិនមែនអ្នកទេសចរធម្មតាទេ រួមទាំងអ្នកវិនិយោគ អ្នករកស៊ីផង អ្នកធ្វើការនៅតាមរោងចក្រ ក្រុមហ៊ុននានាផង គឺនឹងធ្វើឱ្យចិនជួបនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

តាមរយៈកាយវិការទាំងនេះ បានបង្ហាញថា ពិភពលោក កំពុងជួបការរង្គោះរង្គើដ៏ធំ ឬឈានដល់ដំណាក់កាលនៃការអនុវត្តន៍នយោបាយអាត្មានិយម ឬហៅថា «សក់នរណា ក្បាលអ្នកនោះ» ហើយ។

កាយវិការទាំងនេះ ប្រហែលជាប្រទេសបងធំទាំងឡាយ ចង់មើលសមត្ថភាពរបស់ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកថ្មីមួយនេះ មានលទ្ធភាព និងសមត្ថភាពអាចដោះស្រាយការលំបាកមួយនេះបានដែរឬទេ?

ប្រទេសចិន ក៏ចិត្តសឿងមិនធម្មតានោះដែរ ទោះបីជាប្រឈមការលំបាកលំបិនយ៉ាងធ្ងន់ធ្ងរបែបនេះក្តី តែមកដល់ពេលនេះមិនទាន់ហារមាត់ឱ្យប្រទេសណាមួយជួយខ្លួននោះដែរ។

នៅពេលពិភពលោកចាប់ផ្តើមបែកបាក់សាមគ្គី និងអាត្មានិយមបែបនេះ មនុស្សជាតិលើពិភពលោកនេះច្បាស់ជាមិនទទួលបានផាសុខភាពនៃជីវិតប៉ុន្មាននោះដែរ?