(ភ្នំពេញ)៖ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល បានថ្លែងថា ការបំបៅកូនដោយទឹកដោះម្តាយ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សុខភាពម្តាយ និងទារក ជាពិសេសជួយកាត់បន្ថយហានីភ័យខ្ពស់ នៃការហូរឈាមបន្ទាប់ពីសម្រាលកូន ជួយទប់ស្កាត់បញ្ហាកង្វះជាតិដែក និងការមានកូនញឹកញាប់។

លោកឱសថការីបានថ្លែងបន្ដថា ទឹកដោះម្តាយត្រូវបានគេចាត់ទុកថា ជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ផ្តល់នូវថាមពល និងសារធាតុចិញ្ចឹមចំាបាច់បំផុត ដែលទារកត្រូវការក្នុងរយៈពេល៦ខែដំបូងនៃជីវិតរបស់ពួកគេ។ ដូចនេះត្រូវបំបៅកូនដោយទឹកដោះម្តាយរហូតបាន៦ខែ និងបន្តបំបៅកូន រហូតដល់ពីរឆ្នាំ ឬលើស។

លើសពីនោះ ការបបំបៅកូនដោយទឹកដោះម្ដាយនេះ គឺមានសារៈសំខាន់ដូចជា៖
* កាត់បន្ថយជំងឺ មហារីកដោះ និងស្បូនចំពោះម្ដាយ
* កាត់បន្ថយទៅនឹងការប្រឈមមុខការបាក់ឆ្អឹងត្រគាក ចំពោះម្ដាយ
* ដុតរំលាយបាន ៥០០០កាឡូរីក្នុង១ថ្ងៃ
* កាត់បន្ថយ ការប្រឈមមុខទៅនឹង ជំងឺរាក ក្អួត ផ្លូវដង្ហើម ទល់លាមក ជំងឺត្រអក និងរោគធាត់ចំពោះទារក ។

ការថ្លែងបែបនេះ របស់លោក ហ៊ុន ហួង ធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ១៣៣ អនក្រ.បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ដល់មន្រី្តអធិការកិច្ចសុខាភិបាល ដែលអញ្ជើញមកពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

ដើម្បីជាសុវត្ថិភាព ដល់ពលរដ្ឋប្រើប្រាស់ទឹកដោះគោ ជំនួសទឹកដោះម្ដាយ លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល ក្រៅពីបណ្ដុះបណ្ដាល ក៏បានចុះទៅត្រួតពិនិត្យផ្ទាល់នៅតាមទីផ្សារ និងឱសថស្ថាន ដែលមានដាក់លក់ផលិតសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលមានដូចជា ទឹកដោះគោម្សៅ ដបបំបៅទឹកដោះគោម្សៅ ក្បាលដោះជ័រជាដើម។

ជាងនេះទៅទៀតលោកឱសថការី អំាង ហុកស្រ៊ុន បានជំរុញដល់ក្រុមហ៊ុននាំចូល និងចែកចាយលក់ផលិតចិញ្ចឹមទារក និងកុមារ ត្រូវអនុវត្ដឱ្យបានត្រឹមត្រូវ ដែលក្រសួងបានដាក់ចេញ និងឱ្យក្រុមការងាររបស់ខ្លួន ស្វែងយល់ច្បាស់ក្នុងការប្រើប្រាស់តារាងវិន្និច្ឆ័យត្រួតពិនិត្យការផ្សព្វផ្សាយផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។ បើមានករណីរំលោភបំពាន ត្រូវរាយការណ៍ និងចាត់វិធានការភ្លាមៗទៅដល់ក្រុមហ៊ុននោះ៕