(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពី គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ថា នៅក្នុងឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា សម្រាប់ជំរុញកំណើន (Stimulus) ប្រមាណ ៣% នៃផសស។

លោក វង្សី វិស្សុត ក៏លើកឡើងផងដែរថា ក្របខណ្ឌថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដើម្បី៖

*ទី១ ៖ ទប់ទល់នឹងភាពមិនច្បាស់លាស់ និងហានិភ័យទាំងឡាយទាំងខាងក្នុង និងទាំងខាងក្រៅប្រទេស ដូចជា ការថមថយកំណើន សេដ្ឋកិច្ចពិភពលោកនិងតំបន់, បញ្ហាសង្រ្គាមពាណិជ្ជកម្ម, បញ្ហាភូមិសាស្រ្តនយោបាយ ដែលកាន់តែតឹងតែង, ការប្រែប្រួល អាកាសធាតុ និងលទ្ធភាព នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអ៊ឺរ៉ុប ព្រមទាំងករណីការរាលដាល នៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
*ទី២ ៖ បន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាអាទិភាពគោលនយោបាយ ផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ដើម្បីបន្តចាក់គ្រឹះ និងអាចឈរជើងងើបឡើង ពីការគាប់សង្កត់, ពីភាពថមថយ ឬពីវិបត្តិណាមួយ ហើយប្រែក្លាយការគម្រាមកំហែង, វិបត្តិ និងហានិភ័យទាំងនេះ ឱ្យក្លាយទៅជាឱកាសនៃការកែទម្រង់សម្រាប់ការឈានឡើងរបស់កម្ពុជា ក្នុងរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ប្រកបដោយភាពជោគជ័យ តាមការរំពឹងទុក។

លោកបានបន្តថា ក្រៅពីការអនុវត្តគោលនយោបាយវិត្ថារកម្ម, ថវិកាឆ្នាំ២០២០ ក៏ជាថវិកាសម្រាប់ជំរុញកំណើន (Stimulus) ផងដែរ តាមរយៈការបង្កើនការចំណាយ ដើម្បីលើក កម្ពស់តម្រូវការក្នុងសេដ្ឋកិច្ច។

ជាក់ស្តែងចំណាយថវិកាឆ្នាំ២០២០ ត្រូវបានគ្រោងរហូតទៅដល់ប្រមាណ ២៨% នៃផសស ដោយក្នុងនោះកញ្ចប់ថវិកា សម្រាប់ជំរុញកំណើនស្មើនឹងប្រមាណ ៣% នៃផសស។ កញ្ចប់ថវិកាសម្រាប់ជំរុញកំណើននេះ នឹងត្រូវប្រើប្រាស់ដោយ តម្រង់ទៅលើការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន ដែលរួមមានបញ្ហាភាពប្រកួតប្រជែង និងបញ្ហាពិពិធកម្មសេដ្ឋកិច្ច និងមួយផ្នែកទៀត ផ្តោតទៅលើការស្រូប យកការប៉ះទង្គិចពីវិបត្តិ តាមរយៈការបង្កើតការងារ, ការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម និងការផ្តល់ការបណ្តុះបណ្តាលជំនាញ។

ក្រៅពីការជំរុញកំណើន តាមរយៈការបង្កើនចំណាយខាងលើនេះ, យើងក៏កំពុងមានគិតគូរបន្ថែមទៀត ទៅដល់ការអនុគ្រោះពន្ធចំពោះវិស័យជាក់លាក់មួយចំនួន ដើម្បីអាចបង្កើតការងារថ្មីផង និងនៅតែអាចរក្សាការងារ ដែលមានស្រាប់កុំឱ្យបាត់បង់ផង។ ធ្វើដូចនេះ មិនត្រឹមតែជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងទប់ទល់នឹងវិបត្តិប៉ុណ្ណោះទេ តែថែមទាំងបានជួយដល់វិស័យឯកជន មិនឱ្យដួលរលំ ហើយពួកគេកាន់តែរីកចម្រើនថែមទៀតនៅពេលឆ្លងផុតពីវិបត្តិ។

លោកបានបន្តថា ការបង្កើនប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព នៃស្ថាប័នសាធារណៈ គឺជាចំណុចគន្លឹះ សំខាន់បំផុត ដើម្បីធានានូវភាពជោគជ័យ ក្នុងការអនុវត្តនូវកញ្ចប់ គោល នយោបាយខាងលើ ក៏ដូចជា ដើម្បីផ្តល់ការឆ្លើយតបទៅនឹង ការប្រែប្រួល នៃស្ថានភាពសេដ្ឋកិច្ច-សង្គមកម្ពុជា និងបរិការណ៍ខាងក្រៅ នៅក្នុងរយៈពេលវែងទៅមុខ។

ក្នុងន័យនេះ រដ្ឋបាលសាធារណៈត្រូវតែមានសមត្ថភាពខ្លាំងជាងមុន, ស្អាតស្អំជាងមុន និងឆ្លាតវៃជាងមុន តាមរយៈ៖

*ទី១ ៖ ការពង្រឹងសមត្ថភាពដឹកនាំរបស់ស្ថាប័ន ទាំងក្នុងការគិតគូរ ដាក់ចេញនូវគោលនយោបាយ, ផែនការ និងយុទ្ធសាស្រ្ត និងទាំងនៅក្នុងការអនុវត្ត
*ទី២ ៖ ការសម្របសម្រួលការងារ និងបែងចែកមុខងារឱ្យបានច្បាស់លាស់
*ទី៣ ៖ ពង្រឹងសមត្ថភាព មន្រ្តីរាជការ ទាំងបរិមាណ និងគុណភាព ដោយផ្អែកលើគោល ការណ៍គុណាធិបតេយ្យ ឬការយកសមត្ថភាពជាធំ។

លោកក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០ នេះ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបាននូវកំណើនថវិកា រហូតទៅដល់ ៥១,៤% ក្នុងខណៈដែលថវិកា ថ្នាក់ជាតិមានកំណើនត្រឹមតែ ២០,៧% ដែលធ្វើឱ្យថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានចំណែកស្មើនឹងប្រមាណ ១០% នៃចំណាយថវិការដ្ឋសរុប។ ប្រការនេះគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្ទេរនូវធនធានកាន់ តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ-សង្កាត់៕