(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែមករា ឆ្នាំ២០២០ បានអនុម័តឲ្យគម្រោងវិនិយោគថ្មីៗចំនួន៧គម្រោង ឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគប្រមាណ៣៣លានដុល្លារអាមេរិក បង្កើតការងារថ្មីជូនពលរដ្ឋរាប់ពាន់កន្លែង។

CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ SUN AWESOME GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។

២៖ FAMOUS LEATHERWARE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។

៣៖ XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២នាក់។

៤៖ KIMBAO BAG INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់។

៥៖ KNITERACY ASIA COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៦កន្លែង។

៦៖ K.Y ODYSSEY GARMENT CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៧៩៧កន្លែង។

៧៖ KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២២៥កន្លែង។

សូមជម្រាបថា ទោះបីប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) របស់អឺរ៉ុប ផ្តល់ឲ្យកម្ពុជាស្ថិតក្នុងដំណាក់កាលមិនច្បាស់លាស់ក្តី ក៏ការវិនិយោគលើវិស័យកាត់ដែរ នៅតែទាក់ទាញអ្នកវិនិយោគដដែល៕