(ភ្នំពេញ)៖ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២០ នៃលីគកំពូលកម្ពុជា ដែលនឹងមកដល់នាថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ក្លឹបវិសាខា កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ បានរៀបចំកម្មវិធី The Warrior Night ដ៏ធំនៅកោះពេជ្រ ក្នុងនោះមានរឿងថ្មី ៤ ដែលគួរឲ្យចាប់អារម្មណ៍ ដូចជាការបង្ហាញឯកសណ្ឋានរដូវកាលថ្មី ការប្ដូរឈ្មោះកីឡដ្ឋានថ្មី ការប្រកាសផ្លូវការនូវឈ្មោះរបស់ក្រុមអ្នកគាំទ្រ និងវត្តមានរបស់កីឡាករថ្មី ២រូប ។

កម្មវិធីនេះ បានធ្វើឡើងក្រោមវត្តមានលោកជំទាវ ញែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន ព្រមទាំងលោក ស សុខា ស្ថាបនិកក្លិប និងលោកជំទាវ កែ សួនសុភី ប្រធានក្លិប រួមទាំងការបង្ហាញនូវសមាសភាពកីឡាករក្រុមបាល់ទាត់វិសាខា និងក្រុមបាល់ទះវិសាខាទៀតផង ។

ចំពោះឯកសណ្ឋានផ្លូវការ សម្រាប់ត្រៀមរដូវកាលថ្មី វិសាខា បានត្រៀមដល់ទៅ ៦ ឈុតឯណោះ មានទាំងឯកសណ្ឋានប្រកួតក្នុងដី និងក្រៅដី ឯកសណ្ឋានអ្នកចាំទី ឯកសណ្ឋានបម្រុងទី៣ ឯកសណ្ឋានហ្វឹកហាត់ និងឯកសណ្ឋានធ្វើដំណើរជាដើម ដែលជាផលិតផលរបស់ក្រុម Forward Sportswear ។

ដោយឡែកកីឡដ្ឋានវិញ បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់បាន ១រដូវកាល ជាមួយកីឡដ្ឋានវិសាខា ពេលនេះពួកគេបានប្ដូរឈ្មោះថ្មីហើយ ទៅជាកីឡដ្ឋានព្រីនស៍(Prince Stadium) វិញ ។ ទន្ទឹមជាមួយគ្នា ក៏មានការប្រកាសទទួលស្គាល់ឈ្មោះក្រុមអ្នកគាំទ្ររបស់ខ្លួន(Ultra Fan)ផងដែរ គឺឈ្មោះ “The Blue Warrior” ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងឱកាសបង្ហាញសមាសភាពកីឡាករត្រៀមរដូវកាលថ្មី វិសាខា ក៏មានកីឡាករចំណូលថ្មី ២រូប ដែលបង្ហាញវត្តមានផងដែរ រួមមានកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ដែលផ្ទេរពីសាលាបាល់ទាត់ជាតិបាទី និងកីឡាករសណ្ជាតិក្រូអាត Filip Mihaljevic ដែលជាកីឡាករបរទេសទី៥ របស់ក្លឹប សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ ។

ទន្ទឹមជាមួយគ្នាលោក រ៉ា នូវិបុត្រ នាយកប្រតិបត្តិក្រុមជើងឯករងឆ្នាំចាស់នេះ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ ។ លើសពីនេះ ក្លឹបក៏កំពុងពង្រីកកន្លែងអង្គុយ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីបំពេញតម្រូវការរបស់ក្លឹប អ្នកគាំទ្រ និងស្របតាមស្ដង់ដារអន្ដរជាតិផងដែរ៕