(ភ្នំពេញ)៖ ជាទូទៅនៅក្នុងសង្គមកម្ពុជា បទល្មើសព្រហ្មទណ្ឌតែងតែកើតមានឡើងជាហូរហែ ហើយដែលបទល្មើសទាំងនោះមិនមែនកើតមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះទេ នៅឯបរទេសក៏មានការប្រព្រឹត្ដបទល្មើសដូចគ្នាផងដែរ ។

ទទឹ្ទមនឹងនេះ បទល្មើសដែលបានព្រឹត្ដនៅក្រៅប្រទេសទាំងនោះ ទៀតសោតក៏មានករណីមួយចំនួនដែលមានជនល្មើស ឬជនរងគ្រោះដែលជាជនជាតិខ្មែរ និងព្រមទាំងមានបទល្មើស មួយចំនួនទៀតដែលត្រូវបានប្រព្រឹត្ដ ប្រឆាំង និងប៉ះពាល់ដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជាជាអាទិ៍ ។ ហេតុដូចនេះ តើតុលាការកម្ពុជាមានសមត្ថកិច្ច ដោះស្រាយបែបណាចំពោះបទល្មើសដែលប្រព្រឹត្ដនៅក្រៅប្រទេស?

នៅក្នុងសប្ដាហ៍នេះ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សហការជាមួយ អង្គភាពព័ត៌មាន FRESH NEWS សូមលើកយកប្រធានបទស្ដីពី «សមត្ថកិច្ចតុលាការកម្ពុជាចំពោះបទល្មើសដែលប្រព្រឹត្ដក្រៅប្រទេស» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងរឿងក្ដីព្រហ្មទណ្ឌតុលាការកម្ពុជាមានសមត្ថកិច្ចគ្របដណ្ដប់លើរឿងក្ដីទាំងអស់ដែលបានប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងគ្នានេះ ចំពោះបទល្មើសមួយចំនួនដែលបានប្រព្រឹត្ដនៅក្រៅដែនដី (ក្រៅប្រទេស) តុលាការកម្ពុជាក៏មានសមត្ថកិច្ចផងដែរ ។

ការកំណត់អំពីសមត្ថកិច្ចចំពោះបទល្មើសដែលបានប្រព្រឹត្ដនៅក្រៅប្រទេសនេះ គឺជាគោលការណ៍មួយនៃការអនុវត្ដច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហ ឬនៅក្រៅដែនដីនៃព្រះរាណាចក្រកម្ពុជា ។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងពន្លាតសមត្ថកិច្ចចំពោះបទល្មើសដែលបានប្រព្រឹត្ដនៅក្រៅប្រទេស ដែលក្នុងនោះតុលាការកម្ពុជាមានអានុភាពអនុវត្ដ ទៅលើគ្រប់បទល្មើសជាបទឧក្រិដ្ឋ និងមជ្ឈិមដែលបានប្រព្រឹត្ដដោយពលរដ្ឋខ្មែរ និងគ្រប់បទឧក្រិដ្ឋដែលបានប្រព្រឹត្ដមកលើជនជាតិខ្មែរ រួមទាំងបទល្មើសបទឧក្រិដ្ឋដោយឡែកមួយចំនួនទៀត ។

១* បទល្មើសដែលប្រព្រឹត្ដដោយពលរដ្ឋខ្មែរ៖ ករណីដែលពលរដ្ឋខ្មែរបានប្រព្រឹត្ដបទល្មើសណាមួយនៅក្នុងដែនដីបរទេស (ក្រៅប្រទេស) តុលាការកម្ពុជាមានសមត្ថកិច្ចទៅលើគ្រប់បទឧក្រិដ្ឋទាំងអស់។ មានន័យថាបើច្បាប់កម្ពុជាបានកំណត់ថាអំពើដែលពលរដ្ឋខ្មែរបានប្រព្រឹត្ដនៅឯបរទេសនោះជាប្រភេទបទឧក្រិដ្ឋ នោះត្រូវយកច្បាប់កម្ពុជាទៅអនុវត្ដ និងតុលាការកម្ពុជាមានសមត្ថកិច្ចក្នុងការជំនុំជម្រះក្ដី ទោះបីជានៅរដ្ឋបរទេសនោះមិនមានច្បាប់ចែងកំណត់ថាអំពើនោះជាបទល្មើសក៏ដោយ ។

ចំពោះបទល្មើសជាបទមជ្ឈិមវិញ ច្បាប់កម្ពុជាមានសមត្ថកិច្ចលុះត្រាណាតែច្បាប់នៃប្រទេសដែលពលរដ្ឋខ្មែរបានប្រពឹត្ដនោះ បានកំណត់ថាអំពើនោះ គឺជាបទល្មើសដែលត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌ ផងដែរ ។ មានន័យថា បើរដ្ឋបរទេសនោះ គ្មានច្បាប់កំណត់ថាអំពើដែលពលរដ្ឋខ្មែរ បានប្រព្រឹត្ដនោះ ជាបទល្មើសណាមួយនោះទេ ច្បាប់កម្ពុជាមិនមានសមត្ថកិច្ចអនុវត្ដឡើយទោះបីជាអំពើនោះជាបទល្មើសជាក់ស្ដែងក៏ដោយ ។

មួយវិញទៀត ចំពោះករណីដែលជនជាប់ចោទជាជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរក្រោយអំពើដែលបានចោទប្រកាន់នោះច្បាប់កម្ពុជាក៏មានសមត្ថកិច្ចអនុវត្ដ ចំពោះបទល្មើសដែលជននោះបានប្រព្រឹត្ដនៅក្រៅប្រទេសផងដែរ ។ មានន័យថាជនបទេសនោះបានប្រព្រឹត្ដបទល្មើសរួចហើយនៅឯក្រៅប្រទេសកម្ពុជា ក៏ប៉ុន្ដែមិនទាន់ត្រូវបានតុលាការបរទេសផ្ដន្ទាទោសស្ថាពរនៅឡើយទេ ស្រាប់តែគាត់ទទួលបានសញ្ជាតិខ្មែរនៅពេលក្រោយទៀត ដូចនេះច្បាប់កម្ពុជាក៏មានសមត្ថកិច្ចចំពោះបទល្មើសនោះផងដែរ ។ ជារួមចំពោះបទល្មើសដែលប្រព្រឹត្ដដោយពលរដ្ឋខ្មែរនៅបរទេស ចំពោះគ្រប់បទលហុទាំងអស់ច្បាប់កម្ពុជាពុំមានសមត្ថកិច្ចអនុវត្ដឡើយ។

២* ករណីបទល្មើសដែលបានប្រព្រឹត្ដមកលើជនជាតិខ្មែរ៖ ច្បាប់ព្រហ្មទណ្ឌកម្ពុជាក៏មានសមត្ថកិច្ចផងដែរចំពោះរាល់ទៅលើគ្រប់បទឧក្រិដ្ឋដែលបានប្រព្រឹត្ដនៅក្រៅប្រទេស ទោះបីដោយពលរដ្ឋខ្មែរ ឬដោយជនបរទេសទៅលើជនរងគ្រោះដែលមានសញ្ជាតិខ្មែរ នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្ដ ។ មានន័យថា ចំពោះជនរងគ្រោះជាជនជាតិខ្មែរ តុលាការកម្ពុជាមានសមត្ថកិច្ច តែចំពោះបទឧក្រិដ្ឋតែប៉ុណ្ណោះ ទោះបីជាជនល្មើសមានសញ្ជាតិខ្មែរ ឬបរទេស ក៏ដោយ ។

៣* សមត្ថកិច្ចដោយឡែកចំពោះបទឧក្រិដ្ឋដោយឡែក៖ ក្រៅពីបទល្មើសដែលត្រូវបានកំណត់សមត្ថកិច្ចដោយឈរលើគោលការណ៍សញ្ជាតិ ក៏មានបទល្មើសព្រហ្មទណ្ឌពិសេសមួយចំនួនទៀត បើទោះបីជាជនល្មើសមានសញ្ជាតិអ្វីក៏ដោយ និងទោះបីជារដ្ឋបរទេសនោះគ្មានច្បាប់កំណត់ថាជាបទល្មើសក៏ដោយ ឱ្យតែបទល្មើសនោះត្រូវបានប្រព្រឹត្ដ ហើយដែលច្បាប់កម្ពុជាកំណត់ថាជាបទឧក្រិដ្ឋ នោះគឺតុលាការកម្ពុជាមានសមត្ថកិច្ច ។ ជាទូទៅប្រភេទនៃបទល្មើសទាំងនោះ គឺភាគច្រើនពាក់ព័ន្ធនឹងការប្រឆាំង ឬធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍ ។

ជាក់ស្ដែងយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទល្មើសទាំងនោះរួមមាន៖
*បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា ។
*បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា ។
*បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ។
*បទល្មើសប្រឆាំងនឹងទីតាំង ឬភ្នាក់ងារទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។ និង
*បទល្មើសប្រឆាំងនឹងទីតាំងទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។

៤* ការធ្វើបណ្ដឹងចោទប្រកាន់៖ នៅក្នុងករណីដែលមានបទឧក្រិដ្ឋ និងបទមជ្ឈិមដែលប្រព្រឹត្ដដោយពលរដ្ឋខ្មែរ និងករណីជនរងគ្រោះជាជនជាតិខ្មែរ ការចោទប្រកាន់អាចប្រព្រឹត្ដទៅបានដោយបណ្ដឹងរបស់អយ្យការតែប៉ុណ្ណោះ ។ ការចោទប្រកាន់ត្រូវតែមានបណ្ដឹងពីជនរងគ្រោះ ឬពីសិទ្ធិវន្ដ ឬបណ្ដឹងបរិហាជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសដែលជាទីកន្លែងដែលអំពើនោះបានប្រព្រឹត្ដ ។ មានន័យថា ថាបទល្មើសដែលបានប្រព្រឹត្ដក្រៅប្រទេស អាចបញ្ជូនមកតុលាការបាន ត្រូវតែមានការធ្វើបណ្ដឹងចោទប្រកាន់ពីស្ថាប័នអយ្យការ (ព្រះរាជអាជ្ញា) នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដឹងបរិហារ ឬបណ្ដឹងទាមទារ របស់ជនដែលពាក់ព័ន្ធ ឬរបស់អាជ្ញាធរនៃរដ្ឋបរទេសដែលបទល្មើសបានប្រព្រឹត្ដនោះ ។

៥* ការមិនចោទប្រកាន់ត្រួតគ្នានៃទោស៖ តាមច្បាប់កម្ពុជា ពុំមានការចោទប្រកាន់ណាមួយអាចប្រព្រឹត្ដប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលត្រូវបានជំនុំជម្រះជាស្ថាពរនៅឯបរទេសចំពោះបទល្មើសដដែល ហើយក្នុងករណីដែលមានការផ្ដន្ទាទោស បុគ្គលនោះបង្ហាញថាខ្លួនបានអនុវត្ដទោសរបស់ខ្លួនរួចហើយ ឬ ក៏ទោសដែលត្រូវបានរលត់ដោយអាជ្ញាយុកាល ។ មានន័យថា តុលាការកម្ពុជាពុំអាចបើកសាវនាការសារឡើងវិញ ឬក៏សម្រេចផ្ដន្ទាទោស និងដាក់ឱ្យអនុវត្ដទោសចំពោះ បុគ្គលណាម្នាក់ ដែលត្រូវបានជំនុំជម្រះជាស្ថាពរនៅឯបរទេស ឬបានអនុវត្ដទោសរួចរាល់ ឬបានផុតរលត់អាជ្ញាយុកាលដោយយោងតាមច្បាប់បរទេសរួចរាល់បានឡើយ ។

សរុបមកចំពោះបទល្មើសដែលប្រព្រឹត្ដនៅក្រៅប្រទេសតុលាការកម្ពុជា គឺមានសមត្ថកិច្ចដោយយោងតាមការអនុវត្ដច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបទល្មើសដែលបានប្រព្រឹត្ដនៅក្រៅដែនដី ដែលនៅក្នុងនោះរួមមានករណីបទល្មើសប្រព្រឹត្ដពលរដ្ឋដែលមានសញ្ជាតិខ្មែរចំពោះបទល្មើសជាបទឧក្រិដ្ឋ និងមជ្ឈិម និងនៅគ្រប់បទឧក្រិដ្ឋ ដែលជនរងគ្រោះមានសញ្ជាតិខ្មែរ ព្រមទាំងករណីបទឧក្រិដ្ឋដោយឡែកមួយចំនួនទៀតដែលបានប្រព្រឹត្ដមកលើកម្ពុជា ។

ការកំណត់អំពីសមត្ថកិច្ចចំពោះបទល្មើសនៅក្រៅប្រទេសនេះ គឺជាគោលការណ៍មួយដើម្បីធានាការពារដល់សិទ្ធិ និងផលប្រយោជនរបស់ប្រជនពលរដ្ឋខ្មែរ និងក៏ដូចជាការពារដល់ផលប្រយោជន៍របស់កម្ពុជា ដោយហេតុថាច្បាប់នៅឯបរទេសនោះ អាចមានការផ្ដន្ទាទោសធ្ងន់ធ្ងរជាងច្បាប់នៅកម្ពុជា ឬក៏មានភាពចន្លោះប្រហោងណាមួយដែលនាំឱ្យជនល្មើសរួចផុតពីការផ្ដន្ទាទោស ជាអាទិ៍ ។

តែទោះបីជាយ៉ាង ព្រះរាជាណាចក្រកម្ពុជាគោរពនូវគោលការណ៍អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋបរទេស ហេតុដូចនេះដើម្បីអនុវត្ដនូវសមត្ថកិច្ចនៃច្បាប់កម្ពុជានេះបាន គឺត្រូវតែមានការព្រមព្រៀងឯកភាពពីរដ្ឋបរទេសនោះ តាមរយៈការចុះកិច្ចព្រមព្រៀងទ្វេភាគី ឧទាហរណ៍ដូចជាការចុះសន្ធឹសញ្ញាស្ដីពីបត្យាប័នជាដើម ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជំនួយការផ្នែកច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕