(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង នៃមន្ទីរពេទ្យកាលម៉ែត្រ បានលើកឡើងថា ដើម្បីកាត់បន្ថយជំងឺលើសម្ពាធឈាម (លើសឈាម) សំរាប់អ្នកមិនទាន់កើត និងអ្នកកើត គឺត្រូវកាត់បន្ថយ ការបរិភោគជាតិប្រៃ អាហារដែលសម្បូរជាតិខ្លាញ់ ការជក់បារី និងការទទួលទានគ្រឿងស្រវឹង ហើយបែរមកលេងកីឡាវិញ។

លើសពីនោះទៀត លោកវេជ្ជបណ្ឌិត ថេង យូដាលីន បានបន្ថែមទៀតថា ទាំងនេះហើយ ទើបអាចជួយកាត់បន្ថយជំងឺនេះ មួយភាគធំ និងទទួលទានថ្នាំយូរអង្វែង អស់មួយជីវិតសំរាប់អ្នក ដែលកើតជំងឺលើសសម្ពាធឈាម។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលា ក្រោមប្រធានបទ «ទស្សនវិស័យលើការ ថែទាំព្យាបាលជំងឺបេះដូង និងសរសៃឈាម» ដែលរៀបចំដោយ ក្រុមហ៊ុន អាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី បានសហការជាមួយ សមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកអគារបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានថ្លែងថា «ប្រព័ន្ធសុខាភិបាល របស់កម្ពុជា មានការជឿនលឿន គួរឲ្យកត់សម្គាល់ នៅទស្សវត្យចុងក្រោយនេះ ជាមួយនឹងការបង្កើនថវិកាចំណាយ របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា និងធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ»

មួយវិញទៀត លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់បន្ថែមទៀតថា សិក្ខាសាលាជំងឺបេះដូង និងសរសៃឈាម គឺជាការដុះខាត់នៅចំណេះដឹង ដើម្បីយកមកអនុវត្ត ក្នុងវិស័យវេជ្ជសាស្ត្រ នៅក្នុងការព្យាបាល និងនែនាំការថែទាំសុខភាព អ្នកជំងឺប្រកបដោយប្រសិទ្ធភាព។

បើតាមលោកវេជ្ជបណ្ឌិត លីវ ឈីញ ឯកទេសជំងឺបេះដូង នៃមន្ទីរពេទ្យកាលម៉ែត្រ បានថ្លែងថា ចំពោះអ្នកកើតជំងឺលើសសម្ពាធឈាម អាចប្រឈមទៅនឹងជំងឺបេះដូង នៅពេលក្រោយ ដែលអាចបង្កឲ្យមានអាការៈចុកដើមទ្រូងខ្លាំង នឹងអាចឈានទៅដល់ ការស្ទះសរសៃឈាម ក្នុងបេះដូងឈានទៅដល់ ការប៉ះពាល់ដល់អាយុជីវិត។

លោកបន្ដថា ក្រសួងសុខាភិបាល នៅតែបន្តយកចិត្តទុកដាក់ដោះស្រាយ បញ្ហាជំងឺមិនឆ្លង ដែលក្នុងនោះរួមមាន៖ ជំងឺបេះដូង និងសរសៃឈាម។ ទោះជាយ៉ាងណាក៏ដោយ ជំងឺបេះដូងនិងសរសៃឈាម នៅតែមាន ចំនួនអ្នកស្លាប់ យ៉ាងច្រើននៅកម្ពុជា។ ជំងឺលើសសម្ពាធឈាម និងជំងឺស្ទះសរសៃឈាមបេះដូង គឺជាជំងឺកើតមានជាញឹកញាប់បំផុត ក្នុងចំណោមជំងឺបេះដូង និងសរសៃឈាម និងមានអត្រាស្លាប់ច្រើនជាងគេ។

នេះជាក្តីបារម្ភ សម្រាប់ប្រជាជនកម្ពុជា ព្រោះយើងអាចនឹងមើលឃើញ ពីចំនួនប្រជាជនវ័យចំណាស់ កាន់តែច្រើនឡើងៗ ដែលរស់នៅជាមួយបញ្ហាសុខភាព និងពិការភាពដែលបណ្តាល មកពីជំងឺបេះដូង និងសរសៃឈាម។ ដូចនេះ វាមានសារសំខាន់ណាស់ ក្នុងការបញ្ឈប់បញ្ហានេះ ឲ្យបានឆាប់។ នេះជាការបញ្ជាក់បន្ថែម របស់លោកវេជ្ជបណ្ឌិត លីវ ឈីញ។

លោកថា របៀបរស់នៅ ប្រកបដោយសុខភាពល្អ និងរក្សាទម្ងន់ ឲ្យបានសមស្រប នឹងកាត់បន្ថយហានិភ័យ នៃជំងឺរ៉ាំរ៉ៃដូចជា ជំងឺលើសសម្ពាធឈាម លើសជាតិខ្លាញ់ និងជំងឺទឹកនោមផ្អែម ដែលជាកត្តាគ្រោះថ្នាក់ចម្បង នៃជំងឺបេះដូង និងសរសៃឈាម។ កត្តាហានិភ័យទាំងនេះ ត្រូវដោះស្រាយឲ្យបានឆាប់ ហើយទំនងជានឹងផ្តល់លទ្ធផលល្អបំផុត។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី មានលក់ឱសថ សម្រាប់ព្យាបាលជំងឺសរសៃឈាម និងបេះដូងប្រកបដោយប្រសិទ្ធភាព ដោយឱសថទាំងនោះ នាំចូលដោយផ្ទាល់មកពីប្រទេសបារាំង និងមានលក់នៅតាមឱសថស្ថាននានា ក្នុងប្រទេសកម្ពុជា៕