(ភ្នំពេញ)៖ មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តលឿន រេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ នៅម៉ោងជាង១២យប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LEXUS GS 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បើកបរដោយបុរសម្នាក់ ជិះគ្នា៤នាក់ (ប្រុស២ ស្រី២) ដោយធ្វើដំណើតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ដោយសាររថយន្តបើកលឿនពេក ក៏ជ្រុលចង្កូតចូលទៅស្ដាំដៃទៅបុកបង្គោលភ្លើងពេញមួយទំហឹង បណ្ដាលឲ្យក្រឡាប់រថយន្តជាច្រើត្រឡប់ បណ្ដាលឲ្យបុរសម្នាក់ បោកក្បាលស្លាប់ភ្លាមៗ នៅក្នុងរថយន្ត។ ចំណែកឯអ្នករួមដំណើរជាមួយ៣នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ យកទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ៕