(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានបន្តប្រតិបត្តិការបង្ក្រាបល្បែងស៉ីសង នៅតាមមូលដ្ឋានរហូតដកហូតទូរហ្គេមបាញ់ត្រីចំនួន ២គ្រឿង (ខូច១គ្រឿង) ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ។

លោក ប្រាជ្ញ សីហា បានថ្លែងប្រាប់លោក ហាស់ កំសាន្ដ អ្នកយកព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះថា ក្នុងនាមគណ:បញ្ជាការឯកភាពសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្នុងប្រតិបត្តិការខាងលើនេះ ក្រៅពីរកឃើញ និងដកហូតទូរហ្គេមបាញ់ត្រីចំនួន ២គ្រឿង ដែលកំពុងបើកដំណើរការលេងនោះ អាជ្ញាធរក្រោមការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌ បានជំរុញឲ្យមានកិច្ចសហការចូលរួមបន្ថែមទៀត ពីអ្នកពាក់ព័ន្ធទាំងឡាយ លើកិច្ចការងារពង្រឹងសមាសភាព សកម្មភាពមិនប្រក្រតី ពោលគឺការទប់ស្កាត់រាល់បទល្មើសចោរកម្មនានា ក្នុងការរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងមូលរដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕