(កំពត)៖ អ្នកជំនាញអលចនទ្រព្យម្នាក់ដែលរកស៊ីនៅក្នុងទឹកដីខេត្តកំពត បានបង្ហាញពីគន្លឹះ ១១ចំណុច ដើម្បីក្លាយខ្លួនជាសហគ្រិនវ័យក្មេងឆ្នើម។ លោក គង់ ចាន់ណា អគ្គនាយកក្រុមហ៊ុន «គង់វង្សប្រណិត រៀល អ៊ីស្ទេត ឯ.ក» «KONG VONG PRONIT REAL ESTATE CO.,LTD)» បានរៀបចំកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទគួរឲ្យទាក់ទាញ ស្ដីពី «តើមានគន្លឹះសំខាន់ៗ អ្វីខ្លះ ដើម្បីក្លាយខ្លួនជាសហគ្រិនវ័យក្មេងឆ្នើម» នៅសាលសន្និសីទអាគារ B សាលាខេត្តកំពត នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមរហូតជាង ៣០០នាក់។

ក្នុងអង្គសិក្ខាសាលានោះលោក គង់ ចាន់ណា បានបង្ហាញពីគន្លឹះចំនួន ១១ចំណុចសំខាន់ៗ ដើម្បីក្លាយខ្លួនជាសហគ្រិនវ័យក្មេងឆ្នើម ជូនដល់សិក្ខាកាមដែលបានចូលរួម។ គន្លឹះសំខាន់ៗទាំង ១១ចំនុច រួមមាន៖

*ទី១ ៖ ជឿជាក់លើទស្សនៈវិស័យ
*ទី២ ៖ ការរួមចំណែក
*ទី៣ ៖ ការទំនាក់ទំនង
*ទី៤ ៖ ភាពស្មោះត្រង់
*ទី៥ ៖ ការអនុវត្ត
*ទី៦ ៖ បង្កើតឱកាស
*ទី៧ ៖ ភាពជាមនុស្ស
*ទី៨ ៖ កែតម្រូវផ្នត់គំនិតអំពីលុយ
*ទី៩ ៖ តើអ្នកកំពុងស្វែងរកលុយតាមច្រកណាមួយ
*ទី១០ ៖ កែប្រែចំណូលធម្មតាទៅជាប្រាក់ចំណូលរឹងមាំ
*ទី១១ ៖ អ្នកវិនិយោគអាចជាទ្រព្យសម្បត្តិក៏បាន ឬអាចជាបំណុលក៏បាន។

លោក គង់ ចាន់ណា បានបន្ថែមទៀតថា ដើម្បីឲ្យបុគ្គលក្លាយជាសហគ្រិនវ័យក្មេងឆ្នើមទៅបានលុះត្រាបុគ្គលនោះជឿជាក់លើខ្លួនឯងលើផែនការយុទ្ធសាស្ត្ររបស់ខ្លួន ហើយបុគ្គលនោះត្រូវអនុវត្តនូវផែនការយុទ្ធសាស្ត្រឱ្យបានភ្ជាប់ភ្ជួន និងបត់បែនផែនការនោះ ទៅតាមការវិវឌ្ឍន៍របស់សេដ្ឋកិច្ចគោលនយោបាយបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល ក៏ដូចជាសកលលោកផងដែរ។

ក្រុមហ៊ុនគង់វង្សប្រណិត រៀល អ៊ីស្ទេត ឯ.ក បានរៀបចំសិក្ខាសាលាជាច្រើនមកហើយ លើទឹកដីខេត្តកំពត ហើយគ្រប់សិក្ខាសាលាទាំងអស់ទទួលបានការគាំទ្រពីគ្រប់សិក្ខាកាម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តាមរយៈសិក្ខាសាលានីមួយៗបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ផ្នត់គំនិត្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ជាលទ្ធផលភាគច្រើន នៃសិក្ខាកាមមានការផ្លាស់ប្ដូរនូវគំនិត ហើយបានចូលរួមលក់ដីឡូតិ៍ ផ្ទះល្វែង ផ្ទះវីឡា របស់ក្រុមហ៊ុន និងទទួលបានផលកម្រៃតាមការខិតខំប្រឹងប្រែង រៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនគង់វង្សប្រណិត រៀល អ៊ីស្ទេត ឯ.ក បានចាប់ផ្ដើមដំណើរការគម្រោងរបស់ខ្លួនតាំងពីដើមឆ្នាំ២០១៩ មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានជោគជ័យ លើគម្រោង ចំនួន៣ រួចមកហើយ និងត្រៀមចាប់ផ្តើមគម្រោងបន្ទាប់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាក់ស្តែង កាលពីពេលថ្មីកន្លងទៅនេះ ក្រុមហ៊ុនបានបើកការដ្ឋានសាងសង់ ផ្ទះល្វែង និងសម្ភោធការិយាល័យដែលមានទីតាំងស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ចុងបញ្ចប់ លោក គង់ ចាន់ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេល ដ៏មានតម្លៃរបស់ខ្លួន មកចូលរួមក្នុងកម្មវិធីសិក្ខាសាលាមួយនេះ និងជូនពរដល់អ្នកទាំងអស់ជួបប្រទះតែសេចក្តីសុខ ភាពរីកចម្រើន រួមទាំងរកស៊ីមានបានទាំងអស់គ្នា៕