(ភ្នំពេញ)៖ ដូចនឹងឆ្នាំ២០១៩ដែរ ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងស្រដៀងៗគ្នាថា នៅឆ្នាំ២០២០នេះ បរិយាកាសវិនិយោគលើវិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែមានភាពល្អប្រសើរ ពោលគឺនៅតែត្រូវប៉ាន់ដដែល។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ទស្សនៈវិស័យអចលនទ្រព្យបច្ចុប្បន្ន និងអនាគត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ាបណ្ឌិត ឡាយ លន់ អគ្គនាយកក្រុមហ៊ុន Black Eagle International Co, LTD បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានលក្ខណៈល្អ ដោយសារមូលហេតុ២យ៉ាង។ មូលហេតុទី១ ដោយសារកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ ដែលធ្វើឲ្យវិនិយោគិនបរទេស នៅតែបន្តមកបណ្តាក់ទុនវិនិយោគ ធ្វើឲ្យវិស័យអចលនទ្រព្យនៅតែដំណើរការទៅមុខ និងមូលហេតុទី២ ដោយសារសកម្មភាពប្រជាពលរដ្ឋ នៅក្នុងការទិញ-លកអចលនទ្រព្យ នៅតែប្រព្រឹត្តទៅមិនថមថយ។

លោកឧកញ៉ាបណ្ឌិត ឡាយ លន់ បានបញ្ជាក់ថា «យើងឃើញចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋយើង គាត់ទិញដីគឺចង់បានផលចំណេញ អញ្ចឹងពេលគាត់មានលុយ គាត់ត្រូវការវិនិយោគលើដី វិនិយោគផ្ទះ ដោយទិញដើម្បីរស់នៅ ដើម្បីលក់ចំណេញ។ នេះស្តែងឲ្យឃើញសន្ទុះ និងចំណង់ចំណូលចិត្តរបស់ពួកគាត់ គឺនៅតែដដែល»

លោកបន្តថា «រីឯបរទេសវិញ គឺនៅតែបន្ត ស្របទៅនឹងគោលនយោបាយ គឺយើងបើកជើងមេឃ ឲ្យបរទេសមកវិនិយោគ អាចវិនិយោគ១០០ភាគរយបាន និងអាចអភិវឌ្ឍន៍កម្ពុជាឲ្យល្អប្រសើរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងខ្មែរ និងបរទេស គឺមកបន្តអភិវឌ្ឍន៍ អញ្ចឹងសន្ទុះនៅក្នុងឆ្នាំ២០២០នេះ នៅតែល្អដដែល មិនមានបញ្ហាអ្វីនោះទេ»

ថ្លែងស្រដៀងគ្នាដែរ អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចកម្ពុជា លោក ឆាក់ សុជាតិ បានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា មានឱកាសឡើងតទៅទៀត ប៉ុន្តែនៅពេលស្ថានភាពណាមួយ តឹងតែងចូលមកនោះវានៅស្ងៀមសិន មិនឡើងមិនចុះ។ នៅស្ងៀមមិនមែនមានន័យថា វាស្លាប់ ឬវាថយទេ ប៉ុន្តែគ្រាន់តែវាត្រូវការពេលបន្តិច វានឹងឡើងតទៅទៀត។

លោកបន្ថែមថា ដីធ្លីនៅកម្ពុជាបច្ចុប្បន្ននេះ បើតាមគេសិក្សាពីអចលនទ្រព្យមធ្យមនៅអាស៉ីប៉ាស៉ីហ្វិក យើងទើបតែមានតម្លៃ ២,៩០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលធៀបនឹងហុងកុង មានតម្លៃជាង ២០,០០០ដុល្លារ ក្នុងមួយមែត្រការ៉េ ខណៈសិង្ហបូរី ១៥,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយប្រទេសនៅជុំវិញយើងគេមានតម្លៃចាប់ពី ៥,០០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់លោក ឆាក់ សុជាតិ, វិស័យអចលនទ្រព្យកម្ពុជានៅតែល្អ ដោយសារកត្តាពីយ៉ាងគឺ តម្លៃអចលនទ្រព្យនៅទាប និងកម្លាំងពលកម្មក៏នៅទាប។

លោក ឆាក់ សុជាតិ បានបញ្ជាក់ថា៖ «អញ្ចឹងគម្លាតនៅទាប ដែលជាឱកាសឲ្យយើងឡើងទៅខ្ពស់ ខណៈប្រទេសអភិវឌ្ឍន៍ជាងយើង គេឡើងទៅដល់ចំណុចមួយស្ទើរឆ្អែតហើយ អញ្ចឹងយើងអត់ទាន់ឆ្អែតទេ យើងនៅគម្លាតធំ ដែលវាមានឱកាសឡើង។ ពេលមានស្ថានភាពអាក្រក់ ឬស្ថានភាពណាមិនល្អចូលមក វាគ្រាន់តែឲ្យយើងផ្អាក ឬយើងទ្រឹង (ស្ងៀម) តែបន្តិច តែមានឱកាសឡើងទៀត»

លោកបន្តថា «បច្ចុប្បន្នប្រាក់កម្លាំងពលកម្មរបស់យើង នៅអាស៉ីប៉ាស៉ីហ្វិក យើងឃើញថា កូរ៉េ និងជប៉ុន ប្រាក់ខែគេពី ១,០០០ដុល្លារ ដល់ ២,០០០ដុល្លារ ប៉ុន្តែនៅកម្ពុជាយើងប្រាក់ខែនៅទាប អញ្ចឹងធ្វើឲ្យបរទេសមានឱកាសមកវិនិយោគនៅស្រុកយើង។ ជាទូទៅ គាត់ទៅរកតំបន់មួយ ដែលមានកម្លាំងពលកម្មថោក ទីតាំងដែលគាត់អាចឈរជើងទាប»។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាអ្នកជំនាញ នៅក្នុងវិស័យអចលនទ្រព្យផងដែរនោះ ក៏បានបង្ហាញសុទិដ្ឋិនិយមថា សម្រាប់ឆ្នាំ២០២០ បើទោះបី មានការរំខានខ្លះ ពីបញ្ហាមួយចំនួនពីខាងក្រៅក៏ដោយ ក៏វិស័យអចលនទ្រព្យកម្ពុជា នៅតែដំណើរការល្អដដែល។

«មិនមានសញ្ញាណាបង្ហាញថាវិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំទៅមុខ មានបញ្ហានោះទេ»។ លោក ច្រឹក សុខនីម ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ កាលពីសប្តាហ៍មុន។

ដោយសារមើលឃើញថា វិស័យអចលទ្រព្យកម្ពុជាល្អបែបនេះហើយ លោក ឆាក់ សុជាតិ ដែលជាអ្នកផ្តើមគំនិតឲ្យមានសិក្ខាសាលា ស្តីពីទស្សនវិស័យអចលនទ្រព្យបច្ចុប្បន្ន និងអនាគត ក៏មានបង្កើតគម្រោងផ្នែកអចលនទ្រព្យយ៉ាងធំផងដែរ ដែលមានទីតាំងស្ថិតនៅភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គម្រោងទាំងនោះ រួមបញ្ចូលមានទាំង Super Mart ភោជនីយដ្ឋាន ហាងកាហ្វេ សួនសាធារណៈ និងអាងហែលទឹកផងដែរ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៩ ក្រសួងបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤,៤៤៦ ដែលមានតម្លៃប្រមាណ៩,៣៥៣លានដុល្លារ។ សម្រាប់ឆ្នាំ២០១៨វិញ មានគម្រោងសាងសង់សរុប ២,៨៦៧គម្រោង ដែលមានតម្លៃប្រមាណ៥,២២៨លានដុល្លារ៕