(ព្រះសីហនុ)៖ ក្រុមការងារចំរុះខេត្តព្រះសីហនុ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបន្តចុះអនុវត្តកាយប្រឡាយដើម្បីបើកមុខទឹក និងរុះរើសំណង់មិនរៀបរយ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់លើចំណីអូរ មានទីតាំងនៅចំណុចផ្លូវ អេម៉ារីយ៉ូ ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចុះអនុវត្តនៅថ្ងៃនេះ គឺបានរលូនតាមផែនការរបស់ក្រុមការងារ ដោយមុនចុះអនុវត្ត ក្រុមការងារបានជូនដំណឹងបងប្អូនចំនួន ២លើក និងចុះធ្វើកំណត់ ផ្ទាល់តាមខ្នងផ្ទះជាលើកចុងក្រោយ។ ជាលទ្ធផលពេលនេះ បងប្អូនជាម្ចាស់ផ្ទះបានកំពុងរុះរើ និងស្នើសុំឲអាជ្ញាធរឲជួយធ្វើការរុះរើ ដើម្បីរៀបចំប្រព័ន្ធរំដោះទឹកជំនន់ឲ្យបានទាន់ពេលវេលាមុនរដូវ វស្សាមកដល់។

មន្ត្រីសាលាខេត្តដែលចុះផ្ទាល់នៅកន្លែងរុះរើនោះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ពលរដ្ឋម្ចាស់សំណង់ ពាក់ព័ន្ធនៅចំណុចផ្លូវអេម៉ារីអូរជិតព្រះរាជដំណាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្នុងការស្ម័គ្រចិត្តរុះរើសំណង់មិនរៀបរយ ចេញដើម្បីអាជ្ញាធររៀបចំប្រព័ន្ធរំដោះទឹកជំនន់ និងធ្វើផ្លូវឲ្យបានទាន់ ពេលវេលាមុនរដូវវស្សាមកដល់»

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ អភិបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានទល់មុខបុរី អេម៉ារីអូហ្សូណាន់ម៉ារី ស្ថិត
នៅតាមបណ្តោយផ្លូវ ២ធ្នូ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពីការរុះរើសំណង់ដែលបានសាងសង់លើចំណីអូរ និងចំណីផ្លូវសាធារណៈរបស់រដ្ឋ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា លំនៅឋានរបស់បងប្អូនដែលកំពុងរស់នៅ គឺស្ថិតនៅលើចំណីអូរ និងចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំដោះទឹក និងគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ។ ដើម្បីបញ្ចៀសបាននូវការលិចលង់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ ដែលតែងតែទទួល រងដោយជំនន់ ទឹកភ្លៀង រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំបងប្អូន ធ្វើការរុះរើសំណង់ដែលបានសាងសង់នៅលើចំណីអូរ និងលើចំណីផ្លូវសាធារណៈរបស់រដ្ឋទល់មុខបុរី អេម៉ារីអូហ្សូណាន់ម៉ារី ស្ថិតនៅតាម
បណ្តោយផ្លូវ ២ធ្នូ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ជាកំហិត។

អភិបាលខេត្តបានបន្តថា «ក្នុងករណីបងប្អូនមិនរុះរើចេញតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ ឬការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ»