(ភ្នំពេញ)៖ លោកស្រី ប៉ូលីន ថាម៉េស៊ីស អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ជាក់ថា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាការវិនិយោគដ៏សំខាន់មួយ ដើម្បីសុខសន្តិសុខ និងសន្តិភាពពិភពលោក ខណៈកម្ពុជា បានបរិច្ចាគកងកម្លាំងរបស់ខ្លួនច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន ដែលជាភាពជោគជ័យមួយរបស់កម្ពុជាគួរឱ្យកត់សម្គាល់។
ការបញ្ជាក់បែបនេះរបស់លោកស្រី ប៉ូលីន ថាម៉េស៊ីស បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញចូលរួមជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីទទួលដំណើរនិវត្តន៍របស់កងកម្លាំងវិស្វកម្មលេខ៦៩៣ ចំនួន១៨៤នាក់ ដែលបញ្ចប់បេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅប្រទេសលីបង់ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាការវិនិយោគដ៏សំខាន់មួយ ដើម្បីសន្តិសុខ និងសន្តិភាពពិភពលោក វាតម្រូវឱ្យមានការតាំងចិត្តដ៏រឹងមាំពីថ្នាក់អន្តរជាតិកម្ពុជាធ្លាប់ជាប្រទេស ដែលទទួលការជួយគាំទ្រពីអង្គការសហប្រជាជាតិ និងកម្លាំងរក្សាសន្តិភាព តាមរយៈបេសកកម្ម UNTAC ហើយបានក្លាយជាប្រទេសបរិច្ចាគមួយ ក្នុងចំណោមប្រទេសនាំមុខក្នុងសហគមន៍អាស៊ាន ដែលបានបរិច្ចាគច្រើនជាងគេ [...] នេះ គឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់មួយ ហើយជោគជ័យដែលនឹងបន្តនាំមកនូវការកើនឡើងនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ»។
លោកស្រី ប៉ូលីន ថាម៉េស៊ីស បានបន្តថា បុគ្គលិកទាំងនគរបាល និងយោធាប្រមាណ ៥ពាន់នាក់ មកពីរដ្ឋសមាជិកអាស៊ានទាំង៧ កំពុងបំពេញបេសកកម្មនៅពាសពេញពិភពលោក។ ការកើនឡើងនូវចំនួននារីរក្សាសន្តិភាព ដែលបានចល័តដោយរដ្ឋសមាជិកអាស៊ាន ជាសក្ខីភាពដែលរដ្ឋជាសមាជិកអាស៊ាន ទទួលស្គាល់នូវតួនាទីដ៏សំខាន់ ដែលនារីរក្សាសន្តិភាព អាចនឹងត្រូវដើរតួនាទីការអនុវត្តអាណត្តិបេសកកម្ម។ ចំណាត់ថ្នាក់ដែលកម្ពុជា ទទួលបានក្នុងការបញ្ជូននារីលើសកំណត់ គឺជាភាពអស្ចារ្យមួយ។ «ខ្ញុំជឿជាក់ថា បច្ចុប្បន្នកម្ពុជា មានបុគ្គលិករក្សាសន្តិភាពជាស្ត្រីចំនួន១៧ភាគរយ»។ ជាការអះអាងរបស់លោកស្រី ប៉ូលីន ថាម៉េស៊ីស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានប្រែក្លាយបទពិសោធន៍ដ៏ល្វីងជូរចត់នៃសង្គ្រាម ឱ្យទៅជាការរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាពពិភពលោក ប្រកបដោយមោទនភាពក្រៃលែង ចំពោះការរួមចំណែកកងកម្លាំង ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនជាង ៦,៥០០នាក់ ក្នុងនោះនារីជិត៣៥០នាក់ នៅតំបន់អាហ្វ្រិក មជ្ឈឹមបុព៌ា និងអឺរ៉ុប។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា តាមរយៈស្នាដៃ និងការរួមចំណែកនេះហើយ ទើបសហគមន៍អន្តរជាតិផ្តល់ទំនុកចិត្តកម្ពុជា ឱ្យមានតួនាទីនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ រួមចំណែកដល់បុព្វហេតុនៃការរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅលើពិភពលោក ដែលធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់ ស្មើភាព ស្មើសិទ្ធិ ក្នុងចំណោមប្រទេសបរិច្ចាគកងកម្លាំងចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ។
គួរជម្រាបថា រយៈពេល១៤ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦,៧៤១នាក់ ក្នុងនោះមាននារីចំនួន៣៦២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យ កំរិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕