(កំពង់ធំ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យស្ត្រីមានការអភិវឌ្ឍគ្រប់មូលដ្ឋាន និងគ្រប់វិស័យ ព្រោះស្ត្រីគឺជាត្បូងដ៏មានតម្លៃ សម្រាប់គ្រួសារ និងជាតួអង្គមួយដែលមិនអាចខ្វះបាន ព្រោះស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅ អនុវត្តន៍បន្តឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ដោយមានការអញ្ជើញ ចូលរួមពីសមាគមនារីកម្ពុជាមកពីក្រុង ស្រុក ឃុំ សង្កាត់ ប្រមាណជិត ៤០០នាក់។

បន្ថែមពីនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងបានកោតសរសើរ គណៈចលនាមហាជន ជាពិសេសខាងសមាគមនារី ដែលបានបំពេញភារកិច្ចទទួលបានលទ្ធផល ដ៏ធំធេងដើម្បីជាតិមាតិភូមិ។

លោកស្រី ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការសាខាសមាគមនារី នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្តប្រាជ្ញាស្មារតី អនុវត្តឲ្យបានជោគជ័យទិសដៅភារកិច្ចដែល បានលើកឡើង ដោយបង្កើនសាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និតជាមួយគណបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។ លោកស្រីក៏បានឲ្យជំរុញទៅលើការងារអប់រំស្ត្រី ដើម្បីឲ្យស្ត្រីមានឱកាសក្នុងការចូលរួមធ្វើនយោបាយ នៅគ្រប់មូលដ្ឋាន ឲ្យបានច្រើន។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានជំរុញឱ្យមានការផ្សព្វផ្សាយដល់សាខា និងនារីឃុំសង្កាត់ឲ្យបានកាន់តែទូលំទូលាយ និងកៀងគររកដៃគូអភិវឌ្ឍន៍ សប្បុរសជន ដើម្បីចូលរួមឧបត្ថម្ភប្រជាពលរដ្ឋ ជួបការលំបាក លើកទឹកចិត្តសមាជិកសមាគមនារីនៅតាមបណ្ដាសាខា តាមមន្ទីរអង្គភាពជួយឧបត្ថម្ភគាំទ្រ ជាថវិកាសម្ភារពេលមានជំងឺដល់ប្រជាពលរដ្ឋជួបការលំបាក និងលើកទឹកចិត្តក្នុងការ ចូលរួម បុណ្យជាតិ និងបុណ្យអន្តរជាតិ សំដៅពង្រឹង និងពង្រីកធនធានមនុស្សឲ្យកាន់តែទូលំទូលាយ ចូលរួមគៀងគរក្នុងការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឲ្យបានផុសផុល ក្នុងឆន្ទៈគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ពង្រីកសមាជិកសមាគមនារី កម្ពុជា ដើម្បីអភិវឌ្ឍឲ្យដល់បណ្ដាភូមិ។

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានធ្វើរបាយការណ៍ និងបញ្ហាប្រឈមរបស់សមាគម ការធ្វើចលនាសកម្មភាពឧបត្ថម្ភគាំទ្រដល់សមាជិកប្រជាពលរដ្ឋដែលជួបការលំបាក នឹងរងគ្រោះ ការពង្រីកសមាជិកភាពរបស់ សមាគមនារី នៅក្នុងអនុសាខា និងនៅតាមបណ្ដាញនារី ឃុំសង្កាត់ ពុំទាន់បានទូលំទូលាយនៅឡើយ និងបានលើកឡើងពីបញ្ហាអនុសាខាតាមបណ្ដាក្រុងស្រុក ពុំទាន់មានថវិកាសមាគមសម្រាប់ទ្រទ្រង់ការងារនៅឡើយ៕