(កំពង់ធំ)៖ ឃុំម្សាក្រង គឺជាឃុំមួយក្នុងចំណោមឃុំទាំង១៣ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ឃុំម្សាក្រង មានភូមិចំនួន១១ រួមមាន៖ ភូមិអូរដូង ភូមិសំបួរត្បូង ភូមិសំបួរជើង ភូមិម្សាក្រងត្បូង ភូមិម្សាក្រងជើង ភូមិគោកទ្រា ភូមិកំពង់ប្រដំ ភូមិជាមាស ភូមិបត់ត្រង់ ភូមិសំប៉ាន និងភូមិប្រកៀប។

តាមការបញ្ជាក់របស់លោក ចន វុទ្ធី ប្រធានក្រុមប្រឹក្សាឃុំ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅឃុំម្សាក្រង រស់នៅអមសងខាងតាមបណ្ដោយដងស្ទឹងស្ទោងរហូតទៅដល់ក្រោមឆ្ពោះទៅកាន់បឹងទន្លេសាប មានប្រជាពលរដ្ឋចំនួន ១០.៦៤៩នាក់ ស្រី៥.៨៦៥នាក់ ដោយប្រកបមុខរបរកសិកម្ម។ ភូមិប្រគាប គឺជាភូមិកូនពៅ ហើយនៅដាច់ស្រយាលពិបាក ក្នុងការធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សាដោយ សារមើលឃើញពីការលំបាកទាំងការធ្វើដំណើរ និងការសិក្សាររៀនសូត្ររបស់សិស្សានុសិស្ស ឃុំក៏បានអភិវឌ្ឍផ្លូវក្រាលក្រួសក្រហមមួយខ្សែ ដើម្បីជាការងាយស្រួលធ្វើដំណើរ ក្នុងឆ្នាំ២០១៨។

លោកបន្តថា លុះដល់ឆ្នាំ២០១៩ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងតាមរយៈលោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ រួមនឹងសប្បុរសជនបានជួយឧបត្ថម្ភ នៅអាគារសិក្សាមួយខ្នងដែលមានបីបន្ទប់ធ្វើអំពីថ្មដើម្បីឱ្យសិស្សានុសិស្សបានទទួលចំណេះដឹងកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរលោក អាំ សុចិត្រ នាយកសាលាបឋមសិក្សាប្រកៀប បានលើកឡើងថា ភូមិប្រគាបគឺជាភូមិមួយដែលមានចម្ងាយឆ្ងាយជាងគេ ហើយចែកចេញជាបីតំបន់គឺតំបន់ប្រកៀបតំបន់អូរចក និងតំបន់កំពង់ខ្លុង ដោយឡែកតំបន់អូរចកជាចំណុចកណ្ដាលភូមិប្រកៀប និងភូមិព្រែកជីកដែលពីតំបន់អូរចកទៅតំបន់ប្រកៀបមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ហើយពីតំបន់អូរចកមក ភូមិព្រែកជីក មានជាង ៤ ទៅ ៥ គីឡូម៉ែត្រដែរ ជាហេតុនេះហើយបានធ្វើឲ្យកុមារតូចៗពិបាកក្នុងការទៅសិក្សារៀនសូត្រ។

លោកបន្តថា ដោយមើលឃើញពីការលំបាកនេះ សហគមន៍ ក៏បានបង្កើតសាលារៀនមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តារខ្ពស់ផុតពីដីមួយម៉ែត្រ ដើម្បីឲ្យកូនតូចៗ បានសិក្សារៀនសូត្រ នៅក្នុងឆ្នាំ២០០៨។

ក្នុងនោះដែរ ដោយសារកំណើនសិស្សានុសិស្សមានការកើនឡើង បានធ្វើឲ្យសាលារៀនមានការលំបាកឃើញដូច្នេះ លោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានសិក្សានឹងធ្វើសំណើ ទៅជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានផ្ដល់នូវអគារសិក្សាមួយខ្នង ដែលមានបីបន្ទប់ធ្វើអំពើពីថ្ម។ ដោយឡែក ការសាងសង់អាគារសិក្សានៅទីតាំងចាស់មានភាពតូចចង្អៀតលោក សុស សុឃុន អតីតគ្រូចៅអធិការវត្តស្ពឺត្បូង រួមនិងសប្បុរសជនបានជួយជាថវិកាទិញដីដែលមានទទឹង ២៧ម៉ែត្រ បណ្តោយ១៥៣ម៉ែត្រសរុប ៤៨០០ដុល្លារ សម្រាប់សាងសង់អាគារសិក្សាថ្មី។

អ្នកគ្រូ រឿង សីឡា គ្រូបន្ទុកថ្នាក់ទី២ នៃសាលាបឋមសិក្សាអូរចក បានរៀបរាប់ទាំងទឹកមុខស្រស់ប្រិមប្រិយញញឹមញញែម ដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលអគារសិក្សាថ្មី សម្រាប់បង្រៀនសិស្សនុសិស្ស និងផ្លូវថ្នល់សម្រាប់ ធ្វើដំណើរអ្នកគ្រូបានបន្តថា នឹងខិតខំបង្រៀនសិស្សដោយយកចិត្តទុកដាក់ ដើម្បីក្លាយជាធនធានមនុស្សមួយ នៅក្នុងភូមិនឹងចូលរួមអភិវឌ្ឍ ជួយថែរក្សាសម្បត្តិ ទាំងអស់នេះឲ្យបានគង់វង្សយូរអង្វែង។

ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានទទួលអគារសិក្សាថ្មី និងផ្លូវសម្រាប់ធ្វើដំណើរ បានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន នឹងលោក យឹម លាត ព្រមទាំងសប្បុរជនដែលបានជួយកសាងសមិទ្ធផលនៅក្នុងភូមិប្រកៀប។

ជាមួយនឹងការទទួលបានសមិទ្ធផលនេះ ប្រជាពលរដ្ឋ និងខិតខំបញ្ជូនកូនឲ្យមកសិក្សារៀនសូត្រឲ្យបានទទួលចំណេះដឹងដើម្បីយកទៅអភិវឌ្ឍភូមិឃុំ ក៏ដូចជាប្រទេសជាតិទាំងមូល ហើយនឹងខិតខំថែរក្សាការពារនៅសមិទ្ធផលទាំងនេះអោយបានគង់វង្សយូអង្វែងសម្រាប់សហគមន៍។

សិស្សានុសិស្សមានភាពសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលអគារសិក្សាថ្មី និងប្តេជ្ញាខិតខំសិក្សារៀនសូត្រឲ្យក្លាយខ្លួនជាសិស្សល្អ កូនល្អ មិត្តល្អទៅថ្ងៃអនាគត និងជួយកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕