(ភ្នំពេញ)៖ លោក អ៉ឹង ឃាង អាយុ ៣៧ឆ្នាំ បានប្រកាសបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សេងៗដែលបានចោទប្រកាន់លើរូបគាត់ថា ប្រើប្រាស់តួនាទីយោធា និងអះអាងថា ជាសាច់ញាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបោកប្រាស់លើប្រជាជនថៃ។

លិខិតបដិសេធរបស់លោក អ៉ឹង ឃាង បានបញ្ជាក់ក្នុងកម្មវត្ថុថា «សូមបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សេងៗដែលបាន ចោទប្រកាន់លើរូបខ្ញុំបាទ អ៉ឹង ឃាង ថាប្រើប្រាស់តួនាទីយោធា និងអះអាងថា ជាសាច់ញាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបោកប្រាស់លើប្រជាជនថៃ»។

ការប្រកាសបដិសេធនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានថៃ ចេញផ្សាយកាលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្នុងន័យចោទប្រកាន់ថា លោក អ៉ឺង ឃាង ជាមន្រ្តីយោធាផ្កាយពីរ និងអះអាងថាជាសាច់ញាតិនាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីបោកប្រាស់ប្រជាជនថៃ។

លោក អ៉ឹង ឃាង បានអះអាងតាមរយៈលិខិតបដិសេធថា អ្វីដែលជាប្រភពនៃការចុះផ្សាយរបស់សារព័ត៌មានថៃ គឺជាព័ត៌មានកើតចេញពីបុគ្គលមួយចំនួន ដែលកំពុងខឹងរបស់លោក និងប្រើប្រាស់ព័ត៌មានក្លែងក្លាយនេះ ដើម្បីកុហកថ្នាក់ដឹកនាំ ធ្វើឲ្យគេខឹងស្អប់រូបខ្ញុំ ដោយសារការប្រកួតប្រជែងគ្នារវាងខ្ញុំ និងបុគ្គលនោះ ក្នុងការងារអាជីវកម្មរបស់ខ្ញុំកន្លងមក ជាមួយអ្នកវិនិយោគធំរបស់ថៃ។

លោក អ៉ឺង ឃាង សូមផ្ញើជូនសារព័ត៌មានទាំងអស់ ជាពិសេសសារព័ត៌មានរបស់ថៃ ជួយចុះផ្សាយលិខិតបដិសេធនេះ ដើម្បីវែកមុខប្រភពព័ត៌មានដែលមូលបង្កាច់រូបគាត់។ សូមអានលិខិតបដិសេធខាងក្រោម៖