(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ក្រឡាប់រថយន្តកាលពីវេលាម៉ោង ៨យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្លូវបំបែកចូលភូមិដងផ្លិត លើកំណាត់ផ្លូវជាតិលេខ៩ ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៤១ ក្នុងភូមិសាស្ត្រឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារបានថ្លែង ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា មុនពេលកើតរថយន្ត កើតហេតុខាងលើ បានបើកបរក្នុងល្បឿនលឿនចេញពីភូមិដងផ្លិត លុះដល់ចំណុចកើតហេតុផ្លូវបត់ស្តាំលើកំណាត់ផ្លូវជាតិលេខ៩ ដោយសារយកចង្កូតមិនទាន់ក៏ជ្រុលចង្កូត ធ្លាក់ផ្លូវខាងឆ្វេងដៃបណ្តាលឲ្យក្រឡាប់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់។

លោកអធិការស្រុក បានថ្លែងឲ្យដឹងទៀតថា ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនជនរងគ្រោះ២នាក់ ទៅព្យាបាលនៅមណ្ឌុលសុខភាពឆែប និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ចំណែកសាកសពបានទាក់ទងទៅក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ តេង ធូ ភេទប្រុស រស់នៅភូមិចុងអង្រ្កង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាអ្នកបើកបររថយន្តម៉ាករ៉េវ៉ូពណ៍ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ2.1969 ដឹកទ្វាចំនួន១៦វង់។ ដោយឡែក អ្នករួមដំណើរមានទី១.ឈ្មោះ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ របួសស្រាល និងទី២.ឈ្មោះ ពោ អ៊ីកា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ.ឃុំសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺរងរបួសធ្ងន់៕