(ព្រះវិហារ)៖ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចុះអប់រំ និងផ្សព្វផ្សាយអំពីវិធានការបង្ការការចម្លងជំងឺវីរុសកូរ៉ូណាថ្មី ដល់ប្រជាពលរដ្ឋគ្រប់ក្រុង-ស្រុក ក្នុងខេត្តព្រះវិហារ និងប្អូនៗសិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា «យុទ្ធនាការចុះអប់រំផ្សព្វផ្សាយនេះ មានការជួយឧបត្ថម្ភគាំទ្រពីអង្កការ ទស្សនៈពិភពលោកប្រចាំនៅខេត្តព្រះវិហារ ហើយយុទ្ធនាការនេះ គឺចង់ពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋយើង ត្រូវចេះថែរក្សាសុខភាព អនាម័យក្នុងការរង់នៅ ដើម្បីការពារនៅជំងឺផ្សេងៗ ពិសេសគឺជំងឺវីរុសកូរ៉ូណាប្រភេទថ្មី»។

លោកបានបន្តទៀតថា «ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី មកដល់ថ្ងៃនេះ មិនទាន់មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងណាម្នាក់បានឆ្លងនោះទេ។ ទន្ទឹមនឹងនោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ដូច្នេះមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ បានសហការជាមួយអង្កការទស្សនៈពិភពលោក ចុះផ្សព្វផ្សាយ អប់រំឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សបានយល់ និងមានវិធានការការពារផងដែរ»។

លោក គួង ឡូ បានថ្លែងទៀតថា វិធានការការពារជំងឺរលាកសួតថ្មីកូរ៉ូណាវីរុស ដែលសំខាន់បំផុត គឺមិនត្រូវប៉ះពាល់ទឹករំអិល ដោយសារកណ្តាស់ ឬក្អកនោះទេ បើប៉ះពាល់ហើយត្រូវ លាងដៃឲ្យស្អាត, ត្រូវពាក់ម៉ាសការពារឲ្យបានត្រឹមត្រូវ, ត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់, ចៀសវាងប៉ះពាល់អ្នកមានជំងឺក្រុនក្តៅនិងក្អក, ត្រូវបរិភោកអាហារដែលឆ្អិនល្អ, មិនត្រូវខាកស្តោះនៅទីសាធារណៈ, ត្រូវស្វែងរកការព្យាបាលភ្លាមៗ នៅពេលមានរោគផ្តាសាយ និងចៀសវាងធ្វើដំណើរប្រសិនបើមានជំងឺ គ្រុនក្តៅ ឬក្អកជាដើមផងដែរ៕