(ភ្នំពេញ)៖ ក្នុងពេលចុះធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈពេញមួយឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈ បានរកឃើញករណីបើកបៀវត្សលើសចំនួន ៧,១៩៨,១៣៥,៥១៤រៀល ប៉ុន្តែប្រាក់ទាំងនេះត្រូវបានបង្វែរចូលទៅក្នុងរតនាគារវិញ។

នេះបើតាមការឱ្យដឹងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីលោករដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន។ សន្និបាតនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០៥ ខែកុម្ភៈស្អែកនេះ។

លោករដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានបង្ហាញសមិទ្ធផលការងារមួយចំនួនរបស់ក្រសួងមុខងារសាធារណៈ ដែលបានប្រឹងប្រែងធ្វើនៅឆ្នាំ២០១៩ ក្នុងនោះរួមមាន៖

* បានកសាង និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានពាក់ព័ន្ធនឹងមន្ត្រី ដូចជាការដំឡើងប្រាក់របបសន្តិសុខសង្គម ការបើកផ្តល់បៀវត្សរៀងរាល់២សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារចាប់ពីដើមខែមករា ឆ្នាំ២០១៩។

* បានរៀបចំដំឡើងបៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងវិស័យតុលាការ មន្ត្រីអនុរក្សពន្ធនាគារ សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកភូមិ និងមន្ត្រីជាប់កិច្ចសន្យា ជាពិសេសការបង្កើនតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងដំឡើងប្រាក់បំណាច់មុខងារ។

* បានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ពិសេសនៅសាលាភូមិន្ទរដ្ឋបាលបានកំពុងធ្វើការបណ្ដាលមន្ត្រីរាជការស៊ីវិល រួមមានវគ្គបណ្តុះបណ្តាលដំបូង វគ្គបណ្តុះបណ្តាលបន្ត និងវគ្គខ្លីៗ។

* បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល និងបានផ្តល់រង្វាន់លើកទឹកចិត្តជូនអង្គភាពគំរូជ័យលាភីចំនួន ៤០អង្គភាព រួមមានវិទ្យាល័យចំនួន ១០ និងមន្ទីរពេទ្យបង្អែកចំនួន ៣០។

* បានរៀបចំប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ដូចជាប្រព័ន្ធព័ត៌មានមន្ត្រីរាជការស៊ីវិល ប្រព័ន្ធគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា ប្រព័ន្ធគ្រប់គ្រងប្រាក់ម៉ោងបន្ថែមគ្រូបង្រៀន និងប្រព័ន្ធគ្រប់គ្រងបង្រៀនជាប់កិច្ចសន្យា។

* បានរៀបចំយន្តការនៃការផ្តល់ព័ត៌មានអំពីសេវាសាធារណៈ តាមរយៈការបង្កើតកម្មវិធីតាមទូរស័ព្ទ និងបានដាក់ឱ្យដំណើរការនូវគេហទំព័រច្រកទ្វារអេឡិចត្រនិក។

* បានកសាងនិងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ (២០១៨-២០២៣) របស់ក្រសួងមុខងារសាធារណៈ ដែលជាផែនការមួយគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦។

* បានរៀបចំសេចក្តីព្រាងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ២០២០-២០៣០ ដែលនឹងគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលអនុម័តនាពេលខាងមុខ។

* បានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសេវាសាធារណៈ ដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

របាយការណ៍ខ្លីរបស់ក្រសួងបានឱ្យដឹងបន្ថែមទៀតថា មកដល់ពេលនេះ ក្រសួងបានគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យាសរុប ២១៨,៤៨២នាក់ (ស្ត្រី ៨៨,៧០៣នាក់) ស្នើនឹង ៤០.៦១% ក្នុងនោះថ្នាក់ជាតិចំនួន ៤៥,៥៩៩នាក់ (ស្ត្រី ១២,៩៨១នាក់) និងថ្នាក់ក្រោមជាតិចំនួន ១៧២,៨៨៣នាក់ (ស្ត្រី ៧៥,៧៤៩នាក់។

ក្រៅពីនោះ ក្រសួងបានអនុញ្ញាតជាគោលការណ៍ជូនក្រសួង ស្ថាប័ន ដើម្បីជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខណ្ឌថ្មីចំនួន ៥,៩៩៦កន្លែង និងប្រើប្រាស់៖ មន្ត្រីជាប់កិច្ចសន្យាចំនួន ១៨,២៩២កន្លែង គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៧,៩៩៦កន្លែង គ្រូបង្រៀនជាកិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២កន្លែង និងគ្រូបង្រៀនថ្នាក់ពីរវេន និងថ្នាក់គួបគ្រប់កម្រិតចំនួន ១៥,៦១៥កន្លែង។

លើសពីនេះទៅទៀត ក្រសួងមុខងារសាធារណៈបានចុះធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ និងរកឃើញករណីបើកបៀវត្សលើ ព្រមទាំងចាត់វិធានការឱ្យបង្វែរថវិកាចូលក្នុងរតនាគារវិញចំនួន ៧,១៩៨,១៣៥,៥១៤រៀល៕