(ភ្នំពេញ)៖ តំណាងទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ គឺលោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឲ្យសមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ ដឹកនាំដោយលោកស្រី MA HONG អគ្គលេខាធិការរងសមាគម ចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបពិភាក្សា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី MA HONG បានបង្ហាញពីបំណងរបស់សមាគម ក្នុងការចូលរួមប្រតិបត្តិការសង្គ្រោះ ដោយស្ម័គ្រចិត្តតាមការចង្អុលបង្ហាញពី គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។

លោក ឡាំ ហេងហួត បានស្វាគមន៍ចំពោះការចូលរួមក្នុងប្រតិបត្តិការរុករកសង្គ្រោះរបស់សមាគម និងបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបបានតាម តម្រូវការការងារ និងគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ គ.ជ.គ.ម និងរៀបចំបង្កើតក្រុមប្រតិបត្តិការរុករកសង្រ្គោះ ចំនួន១១កង ដែលតម្រូវឲ្យមានការបំពាក់ និងហ្វឹកហ្វឺនជំនាញដើម្បីមានគ្រប់សមត្ថភាព ក្នុងការបំពេញភារកិច្ច និងសុំឲ្យក្រុមសង្គ្រោះរបស់សមាគមចិន ជួយបង្រៀនជំនាញបច្ចេកទេសដល់ក្រុមប្រតិបត្តិការទាំង១១។

លោក ឡាំ ហេងហួត បានថ្លែងអំណរគុណ ចំពោះសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ និងម៉ាស់ចំនួន៨,០០០សន្លឹក ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប នាពេលកន្លងទៅនេះ សមាគមពាណិជ្ជកម្មខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមជំនាញសង្គ្រោះទៅចូលរួមក្នុងប្រតិបត្តិការរុករកសង្គ្រោះជនរងគ្រោះ ដែលជាប់នៅក្នុងគំនរបាក់បែកផងដែរ៕