(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ (SAAMBAT) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និង សហគមន៍អឺរ៉ុប (EU) សរុបចំនួនជាង១២៤លានដុល្លារ ដែលចាប់ផ្ដើមអនុវត្ត ក្នុងរយៈពេល៦ឆ្នាំ ចាប់ពី២០១៩ ដល់២០២៥។

ការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការគម្រោង «គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម» នេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក សួស គង់ បានបញ្ជាក់ថា ខេត្តគោលដៅទាំង១២ គឺខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង តាកែវ និងខេត្តកំពត នឹងទទួលបានការកែលម្អផ្លូវជនបទ ប្រវែងសរុប៤៥០គីឡូម៉ែត្រ ផ្សារជនបទ៥០កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសម្រួល ដល់ច្រវាក់ផលិតកម្ម កសិកម្មផ្សេងៗទៀតពីគម្រោងនេះ។

លោកបានបន្តថា គម្រោង SAAMBATនេះ ជាគម្រោងថ្មីមួយ ដែលទទួលការគាំទ្រហិរញ្ញវត្ថុពហុភាគី រួមមាន បដិភាគពីរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប ដែលត្រូវបានរៀបចំឡើង ក្រោមកម្មវិធីសហប្រតិបត្តិការបំពេញបន្ថែម ទៅលើគម្រោងកំពុងដំណើរការ ក្រោមហិរញ្ញប្បទានរបស់ IFAD ដូចជាគម្រោង ASPIRE អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោង AIMS ដែលអនុវត្តដោយក្រសួងពាណិកម្ម ដើម្បីបង្កើតឲ្យមានការគាំទ្ររួមគ្នា ដល់ការអភិវឌ្ឍកសិកម្មខ្នាតតូច នៅកម្ពុជា។

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទ រូបនេះ បានគូសបញ្ជាក់ថា គម្រោង «គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម» នេះ នឹងចាប់ផ្ដើមអនុវត្ត ក្នុងរយៈពេល៦ឆ្នាំ ចាប់ពី២០១៩-ដល់២០២៥ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា IFAD, EIB និង EU សរុបចំនួនជាង១២៤លានដុល្លារ ក្នុងគោលបំណងបង្កើន ផលិតភាពរបស់យុវជនជនបទ សហគ្រិនភាព និងសេដ្ឋកិច្ចជនបទប្រកបដោយនិរន្តភាព ដើម្បីរួមចំណែកដល់គោលដៅ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សន្តិសុខស្បៀង ក្នុងនោះមាន៖

* សមាសភាគទី១៖ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រច្រវាក់ផលិតកម្ម ដែលគ្រោងនឹងកែលម្អផ្លូវជនបទប្រវែង ៤៥០គីឡូម៉ែត្រ ផ្សារជនបទចំនួន៥០ និងហេដ្ឋារចនាសម្ព័ន្ធ សម្រួលដល់ច្រវាក់ផលិតកម្មកសិកម្មផ្សេងៗទៀត នៅក្នុងខេត្តគោលដៅ។

* សមាសភាគទី២៖ អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែក ជំនាញបច្ចេកវិទ្យា និងសហគ្រិនភាពដែលគ្រោងបណ្តុះបណ្តាលជំនាញ ដល់សហគ្រិនជនបទ និងការរៀបចំបង្កើត ឲ្យមានប្រព័ន្ធឌីជីថល ដើម្បីសេដ្ឋកិច្ចជនបទ។ ជាមួយគ្នានេះ យុវជននៅជនបទជិត ៧,០០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញ និង៥០០សហគ្រាស អាជីវកម្មធុនតូច និងមធ្យម នឹងបានភ្ជាប់ទៅនឹងកម្មវិធីបណ្តុះបណ្តាល។

លោក សួស គង់ ក៏បានអំពាវនាវដល់តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឲ្យចូលរួមសហប្រតិបត្តិការ ឲ្យបានល្អប្រសើរ ដើម្បីដំណើរការអនុវត្តគម្រោង «គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម» នេះ មានភាពរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក៕